មិនទាន់មានតម្រុយឃាតកវាយសម្លាប់ អ្នកគ្រូបង្រៀនភាសាកូរ៉េ និងប្រុសម្នាក់ទៀតនៅស្រុកស្ទឹងត្រង់នៅឡើយទេ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រហូតមកដល់រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ការស្រាវជ្រាវវែកមុខឃាតកកាប់សម្លាប់អ្នកគ្រូបង្រៀនភាសាកូរ៉េ និងបុរសរងគ្រោះម្នាក់ទៀត ហាក់បីដូចជាងងឹត ពោលគឺនៅមិនទាន់មានតម្រុយនៅឡើយទេ ខណៈករណីនេះ សមត្ថកិច្ចក៏កំពុងដុតដៃដុតជើង ដើម្បីបំបែករឿងក្តីឃាតកម្មនៅក្នុងបរវេណសាលាបឋមសិក្សាហ៊ុនណេង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមផងដែរ ។

ទទួលព័ត៌មានពីម្តាយជនរងគ្រោះឲ្យដឹងថា នៅព្រឹកព្រលឹមចូលថ្ងៃទី២១ ឧសភា នេះ ត្រូវបាននគរបាលទូរស័ព្ទប្រាប់គាត់ថា កូនប្រុសគាត់ត្រូវគេកាប់របួសធ្ងន់ចំក្បាលសន្លប់ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យស្រុកស្ទឹងត្រង់ ។ ម្តាយបន្តថា កូនប្រុសគាត់ រៀងរាល់ល្ងាច ទំនេរគឺជិះម៉ូតូមករៀនភាសាកូរ៉េ ព្រោះបានត្រៀមដាក់ពាក្យចេញទៅធ្វើពលករនៅប្រទេសកូរ៉េខាងត្បូង ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយការពិនិត្យនៅកន្លែងកើតហេតុឃើញមានបន្សល់ទុកដំបងឈើ១កំណាត់ (ប្រវែង ៤តឹក) ម៉ូតូម៉ាកC125របស់នារីរងគ្រោះដែលស្លាប់ទាំងអាក្រាតកាយនេះ ។

ជនរងគ្រោះទី១-ឈ្មោះ ហ៊ី ធាវីន ភេទស្រី អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើត ហេតុ) មានទីលំនៅ ភូមិអណ្តូងច្រោស ឃុំក្រឡា កំពង់សៀម ជាគ្រូបង្រៀនភាសាកូរ៉េ នៅសាលាបឋមសិក្សាហ៊ុនណេងស្ទឹងត្រង់ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ឈ្មោះ ម៉ៅ សុខមិញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកចាក់ ឃុំព្រែកចាក់ ស្រុកស្ទឹងត្រង់ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ចំពោះអំពើឃាតកម្មខាងលើនេះ សមត្ថកិច្ចកំពុងដាក់ការសង្ស័យជាជំហានដំបូងថា ផ្តើមពីគំនុំ ដែលកើតចេញពីរឿងស្នេហាត្រីកោណ ដោយសារតែទ្រព្យសម្បត្តិរបស់ជនរងគ្រោះទាំង២នាក់មិនបានបាត់បង់នោះទេ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print