ភ្នំពេញ៖ បទចម្រៀងថ្មីមានចំណងជើងថា «ដួងចន្ទ» និពន្ធដោយលោក ណាំ ប៊ុនណារ័ត្ន និងច្រៀងដោយអ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា នោះបាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។ ពេញចិត្តព្រោះតែបទចម្រៀងនេះចាក់ចំបេះដូងអ្នកគាំទ្រ ។
អ្នកអង្គម្ចាស់តូច នរោត្ដម ជេនណា ដែលកំពុងល្បីថាអាចច្រៀងបានរហូតដល់ទៅ ៥ ភាសាឯណោះ ដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សិល្បករវ័យក្មេងប្រកបដោយទេពកោសល្យរូបនេះធ្លាប់បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនឹងបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរយ៉ាងពីរោះរណ្ដំ មានចំណងជើងថា «កន្ទ្រឹមខែចេត្រ»។
ទាក់ចិត្តអ្នកគាំទ្រជាថ្មីក្រោយពីអ្នកអង្គម្ចាស់តូចរូបនេះបានបង្ហើរសំនៀងជាថ្មីក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមានចំណងជើងថា «ដួងចន្ទ»។ ទើបនឹងបង្ហោះក្នុងបណ្តាញសង្គមបានមួយថ្ងៃបទចម្រៀងមួយនេះទទួលបានអ្នកចូលស្តាប់ប្រមាណជាងកន្លះលានដងរួចទៅហើយ។ អ្នកគាំទ្របានថ្លែងការកោតសរសើរខ្លាំងចំពោះទឹកដមសំនៀង និងអត្ថន័យជ្រាលជ្រៅចំពោះបទចម្រៀងមួយនេះគ្រប់គ្នាថា«ពិតជាពីរោះមែន ស្ដាប់ហើយចង់តែស្ដាប់ទៀត»។
គួរបញ្ជាក់ដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណាធ្លាប់ រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ។ អ្នកអង្គម្ចាស់ នរោត្ដម ជេនណា ជាខ្សែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស បានបញ្ចេញព្រះសូរសៀងនៃចម្រៀងថ្មី ។ជាពិសេសអត្ថន័យបទចម្រៀងចាក់ចំដួងចិត្តជាមួយតន្ត្រីដ៏ពីរោះរណ្ដំ ព្រមជាមួយសំនៀងដ៏ក្រលួច និង កាយវិកាយ៉ាងស័ក្ដិសមឥតខ្ចោះ បានធ្វើឱ្យចម្រៀងថ្មីរបស់ព្រះនាងតូចទទួលការគាំទ្រយ៉ាងខ្លាំង។
ទន្ទឹមនឹងនោះបណ្ដាអ្នកលេងបណ្ដាញសង្គមក៏នាំគ្នាខមិនលើកសរសើរ។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចច្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ ដោយ វឌ្ឍនា