ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជា យាងទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមប្រារព្ធពិធីអបអរសាទរខួប២៥ឆ្នាំនៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor (International Coordinating Committee for the Safeguarding and Development of the Historic Site of Angkor).
ព្រះអង្គនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ទើបព្រះអង្គយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។
សូមថ្វាយព្រះពរព្រះអង្គមានព្រះរាជដំណើរសុវត្ថិភាព និងព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រទូទាំងប្រទេស៕
ដោយ៖ សុខ ខេមរា