តូក្យូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រុមវិនិយោគរបស់ប្រទេសកម្ពុជា សរុបប្រមាណ ៤៦រូប បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព ដើម្បីចូលរួម សន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលនឹងប្រារព្វធ្វើឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ឧសភា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហានេដា ទីក្រុងតូក្យូ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៤និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីលោកជំទាវអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តមប្រធានពិធីការក្រសួងការបរទេសជប៉ុន ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតអាស៊ី លើមូលបទ ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី ការជម្នះភាពវឹកវរ ព្រមទាំងការចែក រំលែកទស្សនះវិស័យលើបរិបទ សាកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងក្នុងពិភពលោក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅ ប្រទេស ជប៉ុន (JETRO) និងធនាគារមីហ្សុហូ (Mizuho)៕