ស្ត្រីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងក្លឹប «លុច្សសារី» ខណៈនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ស្ត្រីម្នាក់ត្រូវបានចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹប «លុច្សសារី» ស្ថិតនៅចំណុចផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ ករណីផ្ទុះអាវុធដោយក្រុមខ្មាន់កាំភ្លើង២នាក់ គឺបណ្តាលឲ្យរងរបួសនារីម្នាក់នេះ ដោយជនរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែកខ្មាន់កាំភ្លើងទាំង២នាក់នោះ សមត្ថកិច្ចមិនទាន់កំណត់អត្ដសញ្ញាណបាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា អាយុប្រហែល៣០ឆ្នាំ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន០២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយជនរងគ្រោះ។
របាយការណ៍សមត្ថកិច្ចបានអះអាងទៀតថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសផ្តើមចេញពីការប្រច័ណ្ឌ ហើយរហូតមកដល់ពេលនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីឈានដល់ការឃាត់ខ្លួន ផ្តន្ទាទោសតាមច្បាប់ និងកសាងសំនុំរឿងតាមនីតិវិធី។
ករណីនេះគេអាចសន្និដ្ឋានបានថា៖ សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន ខណៈទីតាំងក្នុងក្លឹប «លុច្សសារី» ប្រាកដជាមានកាមរ៉ាសុវត្ថិភាព ហើយម្ចាស់ទីតាំងក៏អាចស្គាល់ជនដៃដល់ គ្រាន់តែអាចរក្សាការសម្ងាត់អោយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៍ ប៉ះពាល់ដំណើរការនីតិវិធីស្រាវជ្រាវមុខសញ្ញា៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print