មន្ត្រីពេទ្យសត្វខេត្តកំពង់ចាម កំពុងប្រើជំនាញពិនិត្យជ្រូកនាំពីវៀតណាម របៀបកន្ទេលធំបន្លំដេក រីឯពេទ្យសត្វខេត្តត្បូងឃ្មុំធ្វើមិនដឹង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ថ្មីៗនេះ តាមរយៈរូបភាពដឹកជញ្ជូននាំជ្រូកពីប្រទេសវៀតណាម កំពុងតែបង្ហាញពីភាពអនាធិបតេយ្យ ក្នុងការនាំជ្រូកទីផ្សារកម្ពុជាខុសច្បាប់យ៉ាងរលូននៅតាមក្រវាត់ព្រំដែន រវាងខេត្តត្បូងឃ្មុំនៃកម្ពុជា និងវៀតណាម ខណៈការត្រួតពិនិត្យធូររលុង ដោយមិនខ្វល់ពីជំងឺប៉េសអាហ្វ្រិក ។ យ៉ាងណាក៏ដោយក៏នៅតែបន្តអនុញ្ញាតឲ្យឈ្មួញបន្តនាំជ្រូកពីវៀតណាមចូលខេត្តកំពង់ចាម ឆ្លងចូលខេត្តត្បូងឃ្មុំ និងបន្តចែកចែកមកទីផ្សារកម្ពុជាមកយ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ ។

ជាក់ស្តែងករណីនេះ ត្រូវបានគេកត់សម្គាល់ឃើញថា សកម្មភាពដឹកជញ្ជូនជ្រូកវៀតណាមឆ្លងចូលមកខេត្តកំពង់ចាមស្ទើររាល់យប់ តាមកំពង់ដមាន់ហើរ គ្រាន់តែខាងមន្ត្រីពេទ្យសត្វខេត្តកំពង់ចាមគាត់ខ្សោយភ្នែក ឬអាចនិយាយបានថា ដោយសារប្រព័ន្ធការងារគ្រប់គ្រង់របស់មន្ត្រីពេទ្យសត្វខេត្ត មានភាពទន់ខ្សោយ ឬដាក់ចិត្តឃុបឃិត គ្នាជាមួយក្រុមឈ្មួញបែបនេះ ទើបធ្វើឲ្យវត្តមានជ្រូកនាំពីវៀតណាមចរាចរពាសពេញផ្ទៃប្រទេស ។ ចំណុចនេះ មិនត្រឹមតែបង្ហាញនូវការមិនស្មើភាពគ្នា ក្នុងរបររកស៊ីនៅក្នុងសង្គមនោះទេ ថែមទាំងធ្វើឲ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់មួយផ្នែកផងដែរ ។

ទោះយ៉ាងណា ប្រជាពលរដ្ឋដែលជាអ្នករកស៊ីស្របច្បាប់គាំទ្រចំពោះចំណាត់ការបង្ក្រាបការនាំជ្រូកវៀតណាមខុសច្បាប់ ដែលបានសំរុកលួចឆ្លងដែនចូលមកក្នុងប្រទេសនាពេលកន្លងមក ដោយកម្លាំងសមត្ថកិច្ចកិច្ចជំនាញពាក់ព័ន្ធដូចជា ៖ មន្រ្តីជំនាញពេទ្យសត្វខេត្តកំពង់ចាម ,ខេត្តព្រៃវែង និងក្រសួង បានចុះមកខេត្តត្បូងឃ្មុំ ដើម្បីជួយទប់ស្កាត់  ប៉ុន្តែការបង្ក្រាប ហាក់ដូចល្បែងក្មេងលេងបិទពួនតែប៉ុណ្ណោះ របៀបកន្ទេលធំបន្លំដេកទៅវិញ ។

កុំមើលរំលងឲ្យសោះ ទាំងនេះសុទ្ធជាអំពើឃុបឃិតគ្នាពុករលួយលក្ខណៈប្រព័ន្ធ ព្រោះថា ការលួចដឹកជញ្ជូននាំចូលជ្រូកដោយគ្មានការត្រួតពិនិត្យពីជំនាញត្រឹមត្រូវតាមច្បាប់ ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកបរិភោគអាចរងគ្រោះប៉ះពាល់សុខភាពធ្ងន់ធ្ងរ រហូតដល់គេហ៊ានទម្លាក់កំហុសដ៏ធ្ងន់ធ្ងរទៅលើមន្ត្រីទាំងនោះថា អំពើពុករលួយរបស់សមត្ថកិច្ចច្រកមាន ៖ មន្រ្តីជំនាញពេទ្យសត្វ , គយ ,នគរបាលអន្តោប្រវេសន៍ ចំពោះភាពធូររលុងនេះ គឺមានចេតនាសម្លាប់ប្រជាពលរដ្ឋជាលក្ខណៈប្រយោល ។

សូមរំឭកថា កន្លងមកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានចេញបញ្ជាឲ្យមន្ទីកសិកម្មខេត្ត ក៏ដូចជាពេទ្យសត្វខេត្ត ត្រូវតែទប់ស្កាត់រាល់ការនាំសត្វជ្រូកចូលមកពីប្រទេសវៀតណាម ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺប៉េសអាហ្រ្វីក ដែលនៅវៀតណាមកំពុងកើតមាន ៕  ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print