ការប្រឈមមុខដាក់គ្នា រវាង អាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងខ្លាំងឡើយ ក្រោយពេល អាមេរិកចាប់ផ្តើម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រ អារ៉ាប់ ជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ ។សកម្មភាពទាំងនោះបានធ្វើឲ្យ មានក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអ៊ីរ៉ង់និងកើតឡើងក្នុងពេលឆាប់ៗនេះ ។
នៅពេលនេះនាវាផ្ទុកយន្តហោះ USS Abraham Lincoln របស់អាមេរិក និងឧទ្ធម្ភាគច័ក្រ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់ B-52 របស់អាមេរិក បានធ្វើសមយុទ្ធនៅតំបន់សមុទ្រអារ៉ាប់ ។ សកម្មភាពខាងលើត្រូវបានអ្នកឯកទេសចាត់ទុកថាជាការត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។
សមុទ្រអារ៉ាប់ ជាប់ព្រំដែនសមុទ្រជាមួយអ៊ីរ៉ង់ ហើយការធ្វើសមយុទ្ធដែលមានយុទ្ធសាស្ត្រវាយប្រហារ បង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមអាមេរិក អ៊ីរ៉ង់កើតឡើង។ កាលពីពាក់កណ្តាលខែ ឧសភាកន្លងមក អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ចូលរួមធ្វើសមយុទ្ធ វាយលុក នៅតំបន់ Kearsarge ក្នុងសមុទ្រ អារ៉ាប់។
អាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់តំបន់មជ្ឈិបូព៌ា កាលពីខែមុន ដោយមានយន្តហោះចម្បាំងជាច្រើន ។ ព្រមទាំងមីស៊ីល Patriot ទៅកាន់ទីនោះ ដើម្បី ការពារផលប្រយោជន៍អាមេរិក ។
ទំនាក់ទំនងអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ទៅចាប់តាំងពីអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់។ កាលពីថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងថា អាមេរិកនឹងពិភាក្សាជាមួយអ៊ីរ៉ង់ នៅពេលដែលប្រទេសនេះបញ្ចប់សកម្មភាព ឌឺដង និងផលិតអាវុធ ។
កន្លងមកប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបញ្ជាក់ជាថ្មីឡើងវិញថាទីក្រុងតេហរ៉ង់នឹង បើកទ្វារចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនបង្ហាញការគោរពដល់អ្នកដទៃ និង អនុវត្តតាមច្បាប់អន្តរជាតិ។
ថ្លែងប្រាប់សារព័ត៌មានអ៊ីរ៉ង់ Fars កាលពីថ្ងៃសៅរ៍ លោក រូហានី បានលើកឡើងដូចេះថា៖« យើងប្រកាន់ ភ្ជាប់នូវភាពសមហេតុផល ហើយនឹងយើងចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាពួកគេអង្គុយប្រកប ដោយការគោរពគ្នានៅឯតុចរចា…ប៉ុន្តែទីក្រុងតេហេរ៉ង់ នឹងមិនអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនបង្ខំឱ្យ ចូលរួមកិច្ចចរចាជាដាច់ខាត»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងខ្លាំងកាលពីខែឧសភា កន្លងទៅ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង តំបន់មជ្ឈិមបូព៌ា ដោយសំអាងលើការគំរាមកំហែងរបស់អ៊ីរ៉ង់លើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុង តំបន់៕