ភ្នំពេញ៖ហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សរសេរនៅថ្ងៃទី៥ ខែមិថុនា នេះ ថា “ក្នុងនាមរាជរដ្ឋាភិបាលនៃកម្ពុជា និង ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ព្រមទាំងភរិយា សូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាស ដ៍សែន រីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា(អុីត អាល់ហ្វ៊ីទ្រី) នៅថ្ងៃពុធទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០១៩ នេះ”។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តថា “ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយ បានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក”។
ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ សូមទទួលបាននូវសេចក្កីសុខ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានគោរពប្រតិបត្តិក្នុងរយៈពេលកន្លងមកកុំបីអាក់ខានឡើយ ៕ចេស្តា