ភ្នំពេញ៖រហូតមកទល់ពេលនេះ មានរយៈពេលជាច្រើនខែមកហេីយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅពុំទាន់ប្រកាសលទ្ធផលករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ដែលសំញែងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ នៅឡើយទេ ។
កន្លងមក ACU ធ្លាប់បានប្រកាសថា”ករណីលោកស្នងការរង ឧត្ដមសេនីយ៍ ស្រេង សុខា ក្រុមការងារស៊េីបអង្កេតអាចនឹងធ្វើការសន្និដ្ឋាននៅដំណាច់ខែមេសា ឆ្នាំ២០១៩ នេះ”។ ប៉ុន្តែរហូតមកទល់ពេលនេះ នៅពុំទាន់ឃេីញ ACU ប្រកាសលទ្ធផលរឿងលោក ស្រេង សុខា នៅឡើយទេ ។
នេះបេីយោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលេីកទី៤៤ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំលទ្ធផលថា តេីករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា នឹងត្រូវ ACU បេីកការស៊ើបអង្កេត ដែរឬទេ ? ។
ក្នុងករណី ACU បេីកការស៊ើបអង្កេត មានន័យថា លោកស្រេង សុខា មានតម្រុយនៃការប្រព្រឹត្តអំពើពុករលួយ ដែលនឹងបន្តការស្រាវជ្រាវទៀត ។ ប៉ុន្តែប្រសិនបើ រកឃើញថា ករណីលោកស្រេង សុខា គ្មានតម្រុយនៃការប្រព្រឹត្តអំពើពុករលួយទេ , ACU នឹងមិនបេីកការស៊ើបអង្កេតឡើយ ។
រយៈពេលចុងក្រោយនេះ ឃេីញថា មានមន្ត្រីជាច្រើនរូបមកហើយ ដែលបានសំញែងទ្រព្យសម្បត្តិជាសាធារណៈ ដែលគេសង្ស័យថា អាចកេីតចេញពីការប្រព្រឹត្តអំពើពុករលួយ មានជាអាទិ៍លោកឧត្ដមសេនីយ៍ត្រី គឹម រស្មី អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រេីអភិក្រមទី៥”វះកាត់”។
បន្ទាប់មក មានអភិបាលរងខេត្តព្រះសីហនុ២រូប ដែលពលរដ្ឋក្តៅក្រហាយជាយូរមកហើយ ពាក់ព័ន្ធបញ្ហាដីធ្លី ក្នុងខេត្តដ៏មានសក្តានុពលមួយនេះ ក៏ត្រូវសម្តេចតេជោ ដកចេញពីតំណែងដែរ ។
ក្រឡេកមើល ករណីលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល វិញ កេីតឡើងដោយសារតែលោកបានភ្ជាប់ពាក្យជាមួយនារីស្រស់ស្អាតម្នាក់ ដោយបង្គាប់ថ្លៃទឹកដោះរហូតដល់១០ម៉ឺនដុល្លារអាមេរិក និង ឡានទំនើបឡិចស៊ីស៥៧០មួយគ្រឿង ព្រមគ្រឿងអលង្ការជាច្រើនទៀត ។
មជ្ឈដ្ឋានជាច្រើន សង្ស័យថា ការដែលលោកស្រេង សុខា ត្រឹមឋានៈជាស្នងការរងនគរបាលខេត្តកណ្ដាល មានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់បែបនេះ ទេីបអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចស្រាវជ្រាវបឋមតែម្តង ៕
ដោយ៖ចេស្តា