ភ្នំពេញ៖ពិតជាពិបាកនឹងពណ៌នាអំពីអារម្មណ៍សោកស្តាយ និងខ្លោចចិត្តអាណិតតារាកំប្លែង អ៊ូ ប៊ុណ្ណារ៉ាត់ គ្រាដែលតារាកំប្លែងរូបនេះបានបាត់បង់ម្តាយជាទីស្រលាញ់។ អ្វីដែលក្តុកក្តួលគឺម្តាយតារាកំប្លែងរូបនេះបានទទួលមរណភាពនៅសហរដ្ឋអាមេរិក គ្រាដែលលោកកំពុងនៅកម្ពុជាដែល មើលត្រឹមរូបភាពវីដេអូ Live រូបរាងម្តាយជាលើកចុងក្រោយ។
កាលពីល្ងាចថ្ងៃទី០៥ខែមិថុនានេះគេទទួលបានដំណឹងថាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ ក្រឹម មានទុក្ខធំ ដោយសារតែម្ដាយរបស់លោកដែលមានវ័យ ៩៤ឆ្នាំទៅហើយ បានទទួលមរណភាពនៅសហរដ្ឋអាមេរិក ឯលោកនៅស្រុកខ្មែរបានត្រឹមបង្ហូរទឹកភ្នែកជូនដំណើរអ្នកមានគុណទៅលោកខាងមុខ។នាយក្រឹម បានត្រឹមមើលរូបភាពវីដេអូ ហើយសម្រក់ទឹកភ្នែក មិនបានឱបសពអ្នកម្តាយជាលើកចុងក្រោយបាននោះទេ ព្រោះតែរស់នៅឆ្ងាយពីគ្នាពេក។
លោកយាយ ម្ដាយរបស់នាយ ក្រឹម មរណភាពដោយជំងឺជរាពាធ កាលពីថ្ងៃទី០៤ខែមិថុនាម៉្លេះ ប៉ុន្តែដំណឹងទើបតែលេចលើបណ្ដាញសង្គមប៉ុណ្ណោះ។ ទោះជាយ៉ាងណាអ្វីដែលជា ចំណុចគួរឲ្យក្ដុកក្ដួល គឺនាយក្រឹម មិនអាចទៅចូលរួមបាន ដើម្បីជូនដំណើរអ្នកមានគុណជាលើកចុងក្រោយឡើយ។ លោក ហេង ឡុង ប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គមបានប្ជាក់ថា “ពិតជាគួរអោយអាណិតបង ក្រឹម ណាស់ ម្ដាយស្លាប់នៅអាមេរិក មិនអាចទៅចូលរួមបុណ្យបាន បានត្រឹមវីដេអូ ខលមើលមុខម្ដាយជាលើកចុងក្រោយ”។លោកបញ្ជាក់ថា ក្នុងស្ថានភាពដែលមិនអាចធ្វើអ្វីបានច្រើនសម្រាប់ជាជូនដំណើរម្ដាយនេះ នាយ ក្រឹម បានសម្រេចចិត្តបួសមុខភ្លើងនៅស្រុកខ្មែរ ដើម្បីកាន់ ទុក្ខម្ដាយជាទីស្រឡាញ់របស់លោក។
គួរបញ្ជាក់ដែរថាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ធ្លាប់ទៅសហរដ្ឋអាមេរិក២ដងប៉ុណ្ណោះ លើកទី១នៅឆ្នាំ ១៩៩២ និងលើកទី២ នៅឆ្នាំ២០០៤។ ក្រោយពីនោះ លោកមិនដែលទៅឡើយ បើទោះលោកមានកូនបាន និងកំពុងរស់នៅទីនោះក៏ដោយ៕
ដោយ វឌ្ឍនា