ស្ថានីយ៍រថភ្លើង ភ្នំពេញ នឹងត្រូវជួសជុលដើម្បីកែប្រែមុខមាត់ថ្មី

ចែករំលែក៖

ភ្នំពេញ គម្រោងដ៏រំភើបមួយក្នុងការជួសជុលឡើងវិញទៅលើស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃនេះដោយក្រុមអ្នកបណ្តាក់ទុនមួយមកពីសហរដ្ឋអាមេរិក ដើម្បីកែប្រែស្ថានីយ៍មួយនេះ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្ម Royal Train Square ដែលមិនត្រឹមតែបម្រើជូនសម្រាប់តែអ្នកដែលធ្វើដំណើរដោយរថភ្លើង នោះឡើយ។

Royal Train Square នឹងក្លាយជាអគារមួយក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុតនៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើង ទាំងទៅ ទាំងមក ក៏ដូចជានឹងក្លាយជាកន្លែងជួបជុំគ្នាថ្មីមួយក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើនមួយនេះ។

អគារនេះនឹងមានទំហំចំនួន៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារទូរ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិណ៌ផ្សេងៗ។

លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និងការអភិវឌ្ឍហើយនិងក្លាយជាអ្នកដឹកនាំដ៏សំខាន់លើគម្រោងនេះ ដែលត្រូវបានគាំទ្រថវិកាដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិក និងដៃគូសហការមកពីអឺរ៉ុប បានឲ្យដឹងថា៖ «ស្ថានីយ៍រថភ្លើងមួយនេះ គឺជាអគារបេតិកភណ្ឌដែលត្រូវបានគេស្គាល់យ៉ាងច្បាស់មួយ នៅភ្នំពេញ ប៉ុន្តែបច្ចុប្បន្ន មានមនុស្សមិនច្រើនឡើយដែលប្រើប្រាសអគារនេះ។ជាមួយនឹងគម្រោងអភិវឌ្ឍសាងសង់អគារ Royal Train Square យើងនឹងផ្តល់ឲ្យប្រជាពលរដ្ឋនានា នូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នា ញ៉ាំអាហារពេលល្ងាច និងសម្រាកលំហែរជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាតរួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត»  

ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយ៍មួយនេះទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។ បើយោងទៅតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍រថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរដោយរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹងជញ្ជូនជាទៀងទាត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក Bolls មានប្រសាសន៍ថា៖ «ស្របពេលមានការរីកលូតលាស់ក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់រាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការនាំយកស្ថានីយ៍រថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្នុងនាមជាគោលដៅមួយសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍ ក្នុងការទៅសម្រាកលំហែរ នៅកន្លែងដែលពោរពេញផាសុខភាពមួយ» លោក Bolls បានប្រាប់បន្តថា៖ «វានឹងច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងហាងជុំវិញនោះជាពិសេសតំបន់កណ្តាលរាងការ៉េដ៏ស្រស់ស្អាត នៅពីមុខស្ថានីយ៍ហើយយើងជឿជាក់ថា វានឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ពេញនិយមបំផុតក្នុងទីក្រុងនេះ ដើម្បីជួបជុំគ្នា និងទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ទិញទំនិញ និងជាកន្លែងរៀបចំព្រឹត្តិការណ៍ក៏ដូចជាពិពណ៌ផ្សេងៗដ៏ពិសេសតែមួយ ដែលផ្ទុយគ្នាស្រឡះ ទៅនឹងរូបរាងដែលយើងធ្លាប់បានឃើញពីមុន»

គម្រោងជួសជុលឡើងវិញមានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀតស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នាដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។

គម្រោងនេះ អនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមគម្រោងរយៈពេលវែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រែក្លាយរូបរាងស្ថានីយ៍រថភ្លើងរបស់កម្ពុជាទាំងស្រុង និងដើម្បីផ្តល់សេវាផ្សេងៗក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរដោយផ្លូវដែកក្លាយជាជម្រើសប្រកបដោយអត្ថប្រយោជន៍មួយសម្រាប់អ្នកដំណើរ។ លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗ  បានបញ្ជាក់ថា៖ «ជាលើកទី១ ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះ ដោយរថភ្លើង ស្ថានីយ៍នេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ ដឹងពីកម្រិតដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើលឃើញពីកម្រិតដែលការជួសជ្រុលប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ អាចធ្វើឡើង ដោយផ្អែកទៅលើសក្តានុពលរបស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង» ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print