ប្រទេសថៃ៖ តារាសម្តែង និងបង្ហាញម៉ូតកញ្ញា វង្ស អាលីស បានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត ដ៏ធំមួយនៅប្រទេសថៃ។ តារាស្រីរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយក្រោយពីនាងទទួលបានការគាំទ្រខ្លាំងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។
វង្ស អាលីស ត្រូវបានទស្សនិកជន និងផលិតករក្នុងស្រុកកោតសរសើរខ្លាំងទាំងរូបសម្រស់ សមត្ថភាព ទេពកោសល្យ និងការគោរពពេលវេលាក្នុងការងារបំពេញការងារ។ នាងធ្លាប់ទទួលបានឱកាសការងារសិល្បៈជាច្រើនលើវិស័យដើរម៉ូត និងសម្តែង។ ថ្មីៗនេះនាងត្រូវបានផលិតករនៅប្រទេសថៃ អញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Line TV ដែលជាព្រឹត្តិការដ៏ធំប្រចាំឆ្នាំរួមទាំងមានបទសម្ភាសន៍ពិសេសមួយជាមួយនាងផងដែរ។ នាងបានបង្ហាញម៉ូតជាមួយនឹងសម្លៀកបំពាក់ច្នៃយ៉ាងប្រណីតស្រស់ស្អាត សមនឹងរូបរាងស្រឡូន ជាមួយនឹងដំណើរដោយស្វាហាប់ និងភាពជឿជាក់។ ព្រឹត្តិការណ៍នេះគឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកបង្ហាញម៉ូតល្បីៗមកពីគ្រប់ខេតរាជធានីនៃប្រទេសថៃ។ នាងបញ្ជាក់ថា នាងពិតជាសប្បាយចិត្តក្រោយពីបានចូលរួមកម្មវិធីនេះ ហើយអ្វីដែលពិសេសបនាងទទួលបានការគាំទ្រលើកទឹកចិត្តខ្លាំងពីប្រជាជនខ្មែរ និងថៃ ដែលរស់នៅទីនោះផ្ទាល់។ នាងថាទទួលបានបទពិសោធន៍ថ្មី និងកាន់តែពង្រឹងទីផ្សារការងារសិល្បៈរបស់នាងឲ្យមានភាពប្រសើរឡើងផងដែរ។
ក្រៅពីការងារបង្ហាញម៉ូតនៅប្រទេសថៃនេះនាងក៏ទទួលបានឱកាសការងារថ្មីបន្ថែមទៀត ដែលនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ដោយ វឌ្ឍនា