ចិនបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ford Motor Co នៅក្នុងប្រទេសចិន ដោយចោទប្រកាន់ថា បានបំពានច្បាប់កម្មសិទ្ធបញ្ញា ។ នេះជាសកម្មភាពថ្មីដែល ចិនវាយបកទៅលើអាមេរិកវិញ ។
ក្រុមហ៊ុន ផលិតរថយន្ត Ford នៅប្រទេសចិន ត្រូវទទួលរងការផាកពិន័យ ដល់ទៅ២៣,៦លានដុល្លារ អាមេរិក ការផាកពិន័យខាងលើស្មើនិង ៤ភាគរយនៃប្រាក់ចំណូល របស់ក្រុមហ៊ុននេះនៅប្រទេសចិន។
កន្លងមក ចិនក៏បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន FedEx Corp ដោយសារតែបញ្ហា ពេលផ្តល់ទំនិញ។ សកម្មភាពខាងលើ គឺជា ការវាយបកទៅលើ រដ្ឋាភិបាលរបស់ លោកដូណាលត្រាំដែលបានដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន Huawei Technologies Co ។
ជាមួយគ្នានេះដែរចិនក៏បានកាត់ផ្តាច់ប្រភពផ្គត់ផ្គង់រ៉ែដីកម្រដល់អាមេរិក ធ្វើឲ្យតម្លៃរ៉ែនេះ ឡើងថ្លៃខ្ពស់ បំផុតមិនធ្លាប់មាន។ដោយឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម តម្លៃរ៉ែដីកម្រ របស់ចិន កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ។ រ៉ែដីកម្រ គឺជា វត្ថុធាតុដើមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផលិត គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យា ដូចជា ទូរស័ព្ទ ទូរទស្សន៍និង កាមេរ៉ា ជាដើម។
ក្រោយពេលរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានហាមប្រាម ក្រុមហ៊ុន Huawei មក ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានវាយប្រហារ យ៉ាងខ្លាំងទៅលើ ទៅលើអាមេរិក ។ ប្រធានាធិបតីចិន លោក ស៊ីជីងពីងបាន អំពាវនាវ ដល់ពលរដ្ឋ ត្រៀមលក្ខណៈសម្រាប់បង្កើន«មហាកំផែងថ្មី»។
ចិនជាប្រទេសផ្គត់ផ្គង់រ៉ែដីកម្រដល់អាមេរិកដល់ទៅ៨០ភាគរយ តាំងពីឆ្នាំ២០១៤ -២០១៧ ។ ក្រៅពីនេះចិនបានផ្គត់ផ្គង់ដីកម្រដល់ទីផ្សាពិភពដល់ទៅ៩៥ភាគរយ ។ ទាំងនោះជាចំណុចខ្លាំងបំផុតរបស់ចិន នៅក្នុងការតបតអាមេរិក។
លោក Ryan Castilloux អគ្គនាយកក្រុមហ៊ុនប្រឹក្សាទីក្សាដីកម្រ Abamas Intelligence បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ដីកម្រ ប្រើប្រាស់ដើម្បីធ្វើជា ដែកឆក់ និង គ្រឿងអេឡិចត្រូនិក នៅពេលនេះចិនបានប្រើប្រាស់ ដីកម្រធ្វើជាអាវុធសម្រាប់តបតអាមេរិក»។
រ៉ែកម្រ (rare earth) គឺជាប្រភេទរ៉ែដ៏សំខាន់មួយ ដែលត្រូវបានគេយកទៅប្រើប្រាស់ជាវត្ថុធាតុដើមផលិត រាប់ចាប់ពីការផលិតបរិក្ខាយោធា រហូតដល់គ្រឿងអេឡិចត្រូនិច។ ក៏ប៉ុន្តែ ដោយសារសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ដូចជាលោកស្រី ហេឡេន ឡូ (Helen Lau) ជាដើមយល់ថា តម្លៃរ៉ែកម្រអាចនឹងហក់ឡើងខ្ពស់នៅពេលអនាគត។
លោកស្រី Lau បានលើកឡើងដូច្នេះថា «តម្លៃរ៉ែកម្រអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ បើសិនជាចិនប្រើប្រាស់វាជាអាវុធនៅក្នុងសង្រ្គាម ពាណិជ្ជកម្មបច្ចុប្បន្ន… ដ្បិតសហរដ្ឋអាមេរិកអាចនឹងរកគោលដៅផ្គត់ផ្គង់ផ្សេងក្រៅពីចិន ដែលនេះអាចនឹងធ្វើឱ្យតម្រូវការរ៉ែកម្រនឹងកាន់តែកើនឡើង» ៕