សិស្សប៊ែលធី ២.១៤៥នាក់ ចូលរួមកម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេស លើកទី៤

ចែករំលែក៖

ភ្នំពេញ៖ រសៀល​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៩ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំ​កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី៤ (The 4th English Writing Contest Program) នៅ​សាលា​ ប៊ែល​ធី ​អន្តរ​ជាតិទី៩​ (សាខាស្ទឹងមានជ័យ) ក្រោម​អ​ធិប​តី​ភាព​ លោក លី ប៊ុនឆៃ ​ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជា អគ្គនាយក ប៊ែលធី គ្រុប។
តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL) បានឱ្យដឹងថា៖​ បច្ចុប្បន្ន សាលា ប៊ែលធី​ អន្តរជាតិ មាន ២២សាខា​​ ក្នុងនោះ ១៩សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ៤១.៧៣៧នាក់។ គោលបំណងនៃការប្រកួតសំណេរភាសាអង់គ្លេសគឺធ្វើឲ្យសិស្សានុសិស្សមានភាពក្លាហានហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សាត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។ ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជាៈ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស អាចដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថាសិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេលបញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួលបានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅក្រៅប្រទេស ផងដែរ។ ចំពោះសិស្សដែលទទួលបានពិន្ទុចាប់ពី 6.5 ដល់7.០ ប៉ុន្តែកំពុងសិក្សាថ្នាក់ចំណេះទូទៅ នៅសាលា ប៊ែលធី អន្តរជាតិគ្រប់កម្រិតថ្នាក់ នឹងទទួលបានអាហារូបករណ៍៥០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។ ចំណែកឯសិស្សដែលទទួលបានពិន្ទុចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍១០០% សម្រាប់សិក្សាថ្នាក់ចំណេះទូទៅរហូតចប់ថ្នាក់ទី១២។​ សាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ នឹងគ្រោងបើកសម្ពោធសាកលវិទ្យាល័យ ប៊ែល​ធី​ អន្តរ​ជាតិ សាខាទី២ ដែលស្ថិតនៅផ្លូវជាតិលេខ ៣ (ចោមចៅ) នៅពេលឆាប់ៗខាងមុខ។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន​ ១២នាក់ ផងដែរ៕

...

ដោយ៖ ស រស្មី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print