ព្រឹកនេះ មហាគ្រួសារ មជ្ឈមណ្ឌលព័ត៍មាន(នគរវត្ត) ទទួលទាននំបញ្ចុក តាមអនុសាសន៍សម្តេចតេជោ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ»

ចែករំលែក៖

ភ្នំពេញ៖ ៖ បន្ទាប់ពីមានការអំពាវនាវតាមអនុសាសន៍ដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានប្រសាសន៍លើកឡើងថា៖ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ»ខាងមុខនេះ គឺនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៍មាន(នគរវត្ត) បានផ្តើមគំនិតដឹកនាំបុគ្គលិក និងក្រុមការងារខាងចម្អិនអាហារ ររៀបចំធ្វើនំបញ្ចុក ដោយមានបន្លែស្រស់ៗគ្រប់មុខទទួលទានជុំគ្នា នៅទីតាំងរោងបាយ នៃស្នាក់ការមជ្ឈមណ្ឌលព័ត៍មាន(នគរវត្ត) ស្ថិតនៅអាគារលេខ ១១១ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ,បុគ្គលិក ,ខាងការិយាល័យនិពន្ធ, ការិយាល័យបច្ចេកទេស ,ការិយាល័យរដ្ឋបាល គណនេយ្យ,ខាងបុគ្គលិករោងពុម្ព, បុគ្គលិកចែកផ្សាយ,និងខាងចុងភៅរៀបចំអាហារដល់បុគ្គលិកជាច្រើននាក់ នៃមជ្ឈមណ្ឌលព័ត៍មាន(នគរវត្ត) ដែលមាន កាសែត(នគរវត្ត)ចេញផ្សាយប្រចាំថ្ងៃ,គេហទំព័រ(នគរវត្ត) ,ទស្សនាវដ្តី(នគរវត្ត), គេហទំព័រ(នគរដ្រេហ្គន) រោងពុម្ព ,របស់ក្រុមហ៊ុនព្រះនរាយណ៍។
ការទទួលទាននំបញ្ចុកជុំគ្នានេះផងដែរ គឺបង្ហាញពីកាយវិការ និងភាពស្និទស្នាលបំផុត រវាងថ្នាក់ដឹកនាំអង្គភាព ជាមួយបុគ្គលិកគ្រប់ជំនាញ គ្រប់ផ្នែកប្រកបដោយបរិយាកាសរីករាយបំផុត។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅកោះពេជ្រ ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ ចំណែកខាងបងប្អូនខ្មែរឥស្លាម និងខាងវិហារគ្រឹស្ទសាសនាវិញ ក៏សូមអញ្ជើញហូបនំបញ្ចុកទាំងអស់គ្នា។ ការហូបនំបញ្ចុក នៅថ្ងៃទី៩ មិថុនា ២០១៩ខាងមុខនេះ គឺបង្ហាញពីសាមគ្គីជាតិ និងឯកភាពជាតិ។
ដោយសម្តេចបានរម្លឹកថា៖ សូមកុំលាបពណ៌ដាក់គ្នា ជាពិសេសនំបញ្ចុប គឺជាអាហារអត្តសញ្ញាណជាតិរបស់យើង។ ក្នុងនោះសម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា កុំរង់ចាំដល់ថ្ងៃទី០៩ មិថុនា បើឃ្លានថ្ងៃនេះគឺសូមហូបថ្ងៃនេះតែម្តងទៅ ហើយថ្ងៃ០៩ មិថុនា យើងហូបជុំគ្នាម្ដងទៀត។

ក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសនាំមកនូវសន្តិភាព ឯករាជ្យជាតិ និងតែងនៅជាប់កៀកបង្កើយជាមួយជនរួមជាតិគ្រប់កាលៈទេសៈ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណទុកជាមុនដល់ម្ចាស់ផ្ទះជួលកម្មករ និងរោងចក្រសហគ្រាសនានា ដែលនឹងរៀបចំនំបញ្ចុកសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហូបជុំគ្នាមួយពេលអោយបានសប្បាយនៅថ្ងៃទី ៩ មិថុនា ២០១៩នេះ ដែលបង្ហាញពីសេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងម្ចាស់ផ្ទះជួល និង កម្មករ កម្មការិនី និងជាមួយម្ចាស់រោងចក្រសហគ្រាសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៩ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា។
សូមបញ្ជាក់ថា៖ «៩មិថុនា កម្ពុជាហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ» គឺបង្ហាញពីក្តីគោរព ស្រឡាញ់ ពេញបេះដូង កើតចេញពីឆន្ទះប្រជាជនដល់ប្រមុខដឹកនាំប្រទេស និងធ្វើអោយក្តីសប្បាយរីករាយ មនោសញ្ចេតនារវាងប្រជាជន និងប្រជាជន , រវាងថ្នាក់ដឹកនាំ និងប្រជាជន បានគ្របដណ្តបក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមរម្លឹកបន្តិចថា៖ តើអ្វីជានំបញ្ចុក ហើយមានប្រវត្តិយ៉ាងណា?។ ពាក្យថា «នំ» ជាពាក្យដែលគេប្រើទៅតាមប្រពៃណីរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ «នំបញ្ចុក» មានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេ យកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយទឹក រួចយកទៅច្រកក្នុងប៉ែនទើបយកស្នូលឈើ ចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន បន្ទាប់មកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាល ឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។
ក្រោយមកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអីពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រាន ក្លាយ ចង្ក្រាន, ជាន់ដើរ ក្លាយជណ្តើរ, កាន់ជ្រែង ក្លាយកញ្ច្រែង, កាន់ត្រក ក្លាយ កន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្តប់…។ល។
តាមរឿងព្រេងនិទានដែលទាក់ទងនឹង «ប្រវត្តិនំបញ្ចុក» មានសេចក្តីដំណាលថា៖
នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែ «ស្រូវវារ» ចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អ ដូចគេដទៃទៀតបាន។ ស្រូវវារ ជាស្រូវដែលផ្តល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ។
ដោយសារអង្ករនោះ រឹងពេក ដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពារ ណាមួយនៅតំបន់ដែលគាត់រស់នៅសំបូរត្រីផង ទើបនាំគ្នាប្តីប្រពន្ធបង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម៉្យាងអង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ អាចយកមកធ្វើជានំបញ្ចុក បានល្អ ហើយបានច្រើនចំនួនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិតយកអង្ករស្រូវវារ ធ្វើជានំសរសៃ ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចំការក្រោយផ្ទះ។
លុះអ្នកស្រែជាប្តីពិសារហើយកើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរ មួយវិញទៀត ដោយសារបន្លែស្រស់ខ្លះបេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជា ល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំធេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធ បែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំ ពិសាហើយ ក៏លែងរាគរូសដូចមុនទៀត។
គាត់បានប្រតិស្ឋនាម ឲ្យនំនោះថា «នំសរសៃស្រូវវារ»។ នៅពេលដែលអ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្តងៗ គាត់តែងយកម្រាមដៃ ជាចង្កើះ ស្រវាចាប់នំបរិភោគ បញ្ចុកមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ ហើយតែងដួសផ្ញើញាតិសន្តាន ក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នា មិនសូវលោះពេល។លុះភ្លក្សស្នាដៃរបស់គាត់ហើយ ឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្ល កំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្ត រៀងៗខ្លួនជាបន្តៗរៀងមក។
លុះចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅ បន្តការងារក្នុងស្រែជំនួសគាត់ អ្នកស្រែទាំងពីរ ក៏ដូរមុខរបរ មករែកនំបញ្ចុកលក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិតរបស់គាត់។
នៅថ្ងៃមួយ មានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនា ជិះសេះដើរលេង នៅតាមស្រុកភូមិ បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារ ហើយអួតថា ឆ្ងាញ់មាត់គ្រប់គ្នា ក៏ចង់សាកមើលនឹងគេដែរ។ តែដោយតំបន់នោះ មានភាពក្រីក្រ គេឆីនំសរសៃស្រូវវារ នឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរ កាលបើបានដឹងថា រាជកុមារ ចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះ របស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារ បញ្ចុករាជកុមារយើង។ ដោយការចង់ដឹង នូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។ ពេលនេះ រាជកុមារយើង ក៏មានសេចក្តីសោមនស្សនឹងរសជាតិ នំសរសៃស្រូវវារ ដ៏ឆ្ងាញ់មួយចាននោះក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងទទូចឲ្យព្រះមាតា តាមរកទិញ «នំដែលស្នំបញ្ចុក» នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំ ឲ្យរត់ទៅទិញនំ ពីអ្នកស្រែ រៀងរាល់ព្រឹកឲ្យរាជបុត្រ ជាទីស្រឡាញ់ ព្រះរាជមាតាក៏បញ្ជាឲ្យសេនាទៅកោះហៅ អ្នកស្រែទាំងពីរនាក់ប្តីប្រពន្ធ មកធ្វើនំសម្រាប់រាជកុមារសោយប្រចាំរាជវាំងរៀងរហូតទៅ។ ចំណេរតមក ឈ្មោះ «នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ។ គេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញ យ៉ាងប្រជាប្រិយ យូរក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗ ខ្លីៗថា «នំបញ្ចុកៗ» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print