ភ្នំពេញ៖ នៅរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច ដើម្បីចូលរួមសម័យប្រជុំលើកទី១២ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព នៅទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១១-១៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុននេះ។
មុនពេលចេញដំណើរ ប្រធានប្រតិភូកម្ពុជាដឹកនាំដោយលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា សម័យប្រជុំលើក១២នេះ គឺត្រូវបានសម្រេចដោយរដ្ឋភាគីនៅសម័យប្រជុំលើកទី១១ នៃសន្និសីទរដ្ឋភាគីកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ សម័យប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ធានានូវការចូលរួមរបស់ជនមានពិការភាពដើម្បីភាពផ្លាស់ប្តូរពិភពលោកតាមរយៈការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព”។
ប្រធានបទតូចៗសម្រាប់ការពិភាក្សាតុមូលចំនួន៣ ក៏នឹងត្រូវលើកឡើងនៅឯកិច្ចប្រជុំ ដោយផ្តោតលើ បច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាព័ត៌មាន សារគមនាគមន៍សំរាប់ការផ្តល់អំណាចនិងការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គម។ សិទ្ធិទទួលបានស្តង់ដារខ្ពស់បំផុតសម្រាប់សុខភាពជនមានពិការភាព ការដាក់បញ្ចូលជនមានពិការភាពចូលក្នុងសង្គមតាមរយៈការចូលរួមវប្បធម៌ កំសាន្ត និងកីឡា។ “នេះជាការលើកឡើងបន្ថែមដោយលោកអគ្គលេខាធិការ ឯម ច័ន្ទមករា”
លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងសម័យប្រជុំលើកទី១២ខាងមុខនេះ ក្នុងនាមជារដ្ឋភាគី តំណាងរាជរដ្ឋាភិបាលកម្ពុជា លោក ឯម ច័ន្ទមករា ក៏នឹងត្រូវបានអញ្ជើញឲ្យថ្លៃសុន្ទករថាគន្លឹះរយៈពេល ៣នាទីផ្តោតលើប្រធានបទខាង ព្រមទាំងថ្លែងអំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យពិការភាពដែលមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។
គួរបញ្ជាក់ផងដែលថា បើយោងតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ជម្រាបជូនទៅឯកឧត្តមអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះបានឲ្យដឹងថា លោកឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនិងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាតិក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសម័យប្រជុំដ៏មានសារៈសំខាន់ក្នុងវិស័យពិការភាពនេះផងដែរ៕
ដោយ៖ សុខ ខេមរា