សារព័ត៌មានចិន ៖​ ឥទ្ធិពលខាងក្រៅ​ ធ្វើឲ្យ​ហុងកុងធ្លាក់ក្នុងភាពចលាចល

ចែករំលែក៖

ពលរដ្ឋ​ហុងកុង ប្រមាណ​១លាននាក់នាំគ្នាធ្វើបាតុកម្មប្រឆាំង ច្បាប់​បញ្ជូនអ្នកទោសទៅកាន់ប្រទេសចិនដីគោក​។​​សារព័ត៌​មាន​ចិន នៅថ្ងៃទី​១០ខែមិថុនា​បានផ្សាយថា​ ឥទ្ធិពលពីខាងក្រៅ​បានជំរុញឲ្យកោះហុងកុង ធ្លាក់ក្នុងភាពចលាចល  ដោយបានញុះញង់ឲ្យមានមហាបាតុកម្មប្រឆាំងចិនដីគោក ។

សារព័ត៌មានចិនបានផ្សាយថា ពលរដ្ឋហុងកុង ត្រូវបានក្រុមប្រឆាំង និងកម្លាំងខាងក្រៅ​ប្រើប្រាស់ ​ដើម្បីប្រឆាំងទៅនឹងច្បាប់ នាំខ្លួនទៅកាន់ចិនដីគោក​ចំពោះអ្នកទោស នៅក្នុងកោះមួយនេះ​។

ពលរដ្ឋហុងកុងបានដង្ហែក្បួន ធ្វើបាតុកម្មដោយសន្តិវិធី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ហើយអូសបន្លាយ រហូតដល់ព្រឹក ថ្ងៃទី១០ ខែមិថុនា ប្រឆាំងនឹងច្បាប់របស់សភាដែលគ្រោងនឹងអនុម័តយល់ព្រម ធ្វើបត្យាប័នបញ្ជូនទៅកាន់ចិនដីគោក។ បាតុកម្មនេះបានផ្ទុះឡើងនូវអំពើហិង្សាខ្លះៗផងដែរ រវាងប៉ូលិស និងក្រុមបាតុករ។ ប៉ុន្តែគេមិនទាន់មានរបាយការណ៍ទាក់ទិននឹងការចាប់ខ្លួន រងរបួស ឬស្លាប់មនុស្សនោះទេ។ 

ក្រុមអ្នករៀបចំបាតុកម្ម អះអាងថា នេះជាការចូលរួមរបស់បាតុករ ក្នុងទំហំយ៉ាងច្រើនលើសលប់ មិនធ្លាប់មាននោះឡើយ ចាប់​តាំងពីដែនដីកោះហុងកុង ត្រូវបានប្រគល់ទៅឲ្យចិនដីគោកកាន់កាប់វិញ នាអំឡុងឆ្នាំ១៩៩៧ ។ បញ្ហានេះនាំឲ្យមានវិបត្តិនយោបាយជាបន្តបន្ទាប់ ដោយការប្រឈមមុខដាក់គ្នា រវាងក្រុមគាំទ្ររដ្ឋាភិបាលចិនដីគោក និងក្រុមប្រឆាំង។

រដ្ឋាភិបាលហុងកុង បានជំរុញឲ្យមានច្បាប់មួយ អនុម័តដោយសភា ដែលអាចអនុញ្ញាតឲ្យមានការធ្វើបត្យាប័ន តាមយុត្តាធិការណាមួយទៅកាន់ទឹកដីចិនដីគោក ខណៈហុងកុងនេះពុំមានសន្ធិសញ្ញាអ្វីមួយផង រួមបញ្ចូលទាំងចិនដីគោកផងដែរ។

សកម្មភាពទាំងនេះ បាននាំឲ្យមានការខឹងសម្បាឡើង រហូតផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ ផ្តើមដោយក្រុមប្រឆាំង នាំគ្នាផ្ទុះការតវ៉ា ប្រឆាំងចំពោះច្បាប់បត្យាប័ន នៅទូទាំងរដ្ឋធានី ។ មនុស្សជាច្រើនម៉ឺនសែននាក់ រហូតដល់ប្រហែល១លាននាក់ បាននាំគ្នាដង្ហែក្បួន ទាមទារឲ្យរដ្ឋាភិបាលលុបគម្រោងការអនុម័តច្បាប់បត្យាប័ននោះចោល។

មុនដំបូង បាតុកម្មនេះបានប្រព្រឹត្ដទៅដោយសន្តិភាពទេ ប៉ុន្តែបន្ទាប់ពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែផ្ទុះឡើងនូវអំពើហិង្សា ដោយប៉ូលិសបានសម្រុកទៅបំបែកហ្វូងបាតុករដែលនាំគ្នាប្រមូលផ្តុំនៅខាងក្រៅអគាររដ្ឋសភា ។

ក្រុមបាតុករគប់ដបទឹកសុទ្ធ និងវត្ថុរឹងជាច្រើនទៀត សំដៅទៅលើប៉ូលិស ខណៈប៉ូលិសឆ្លើយតបវិញ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ។ ទោះជាយ៉ាងណា គេមិនទាន់មានរបាយការណ៍ណាមួយទាក់ទងនឹងការចាប់ខ្លួនមនុស្ស ឬងរបួស និងស្លាប់ ដោយសារការប៉ះទង្គិច រវាងប៉ូលិស និងក្រុមបាតុករ នៅហុងកុងនោះឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print