ខេត្ដកំពង់ធំ៖ កាលពីយប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចបាន ឃាត់រថយន្ដពណ៌ត្រេអ៊ីម៉ាកអ៊ីស៊ុយហ្ស៊ុយ ពាក់ស្លាកលេខខេមរភូមិន្ទដែលដឹកឈើប្រណីតតែងតែធ្វើសកម្មភាពដឹកឈើ យ៉ាងអនាធិបតេយ្យឆ្លងកាត់ទឹកដីខេត្ដ កំពង់ធំឆ្ពោះទៅរាជធានីភ្នំពេញ ។
បទល្មើសដឹកឈើប្រណីតនេះត្រូវ បានជាប់អន្ទាក់សមត្ថកិច្ចមេព្រៃស្ទោង ក្រោមការដឹកនាំបញ្ជាដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ កំពង់ធំសហការជាមួយកម្លាំងកងរាជ អាវុធហត្ថក្រុងនិងកម្លាំងប្រតិបត្ដិការសឹករងកំពង់ធំស្ទាក់ចាប់បានរថយន្ដ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ០១២-៤៩៨១ ដឹកជញ្ជូនឈើប្រភេទធ្នង់ ចំនួន៤៥ដុំ ស្មើនឹង២,២៣១ម៉ែត្រគូប ដែលបើកបរដោយជនល្មើសឈ្មោះ លន់ នាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជា យោធា រស់នៅផ្ទះលេខ៤១៨ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
រថយន្ដនេះចាប់បាននៅចំណុចភូមិ បល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹង សែន ខេត្ដកំពង់ធំ ក្រោយពីពិនិត្យ រួចរាល់ជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកឈើប្រណីតដោយគ្មានការអនុញ្ញាតពីរដ្ឋបាលព្រៃឈើមែនទើបសមត្ថកិច្ចរឹបអូសយកវត្ថុតាងមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្ទោងនិងប្រគល់ជនល្មើសឱ្យលោក តុង យី នាយផ្នែករដ្ឋ បាលព្រៃឈើស្ទោងដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕
ដោយ៖ ប៊ុន រិទ្ធី