ភ្នំពេញ៖ បច្ចុប្បន្ននេះ នៅកម្ពុជា យុវវ័យភាគច្រើនបានឆាប់ប្រឡូកក្នុងទំនាក់ទំនងផ្លូវភេទ ដែលបញ្ហានេះ បានធ្វើឲ្យពួកគេ មានហានិភ័យខ្ពស់នៅក្នុងជីវិត រស់នៅប្រចាំថ្ងៃ ។ នេះជាការលើកឡើងឲ្យដឹងរបស់លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំនិងយុវជននៅក្នុងពិធីផ្សព្វផ្សាយលទ្ធផល និង បទពិសោធន៍ ស្ដីការអនុវត្តសាកល្បងគម្រោង “យុវវ័យឆ្លាត អនាគតល្អ”នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នៅសណ្ឋាគារ អាំងទែកុងទីណងតាល់ ។
លោកស្រីគឹម សេដ្ឋានីបានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសសម្បូរដោយយុវជនវ័យក្មេងគឺជាង៦០ ភាគរយ នៃចំនួនប្រជាជនទាំងអស់ដោយក្នុងនោះមានប្រហែល ៣២ភាគរយ មានអាយុ ក្រោម១៥ ឆ្នាំដែលភាគច្រើននៃ ប្រជាជនវ័យក្មេងឆាប់ប្រឡូកក្នុងទំនាក់ទំនងផ្លូវភេទ ធ្វើឲ្យយុវជនជាច្រើន ជាពិសេសក្មេងស្រី មានហានិភ័យខ្ពស់ ហើយយុវជនភាគច្រើន មិនហ៊ានទៅរកព័ត៌មាន និងសេវា សុខភាពបន្ដពូជ និងផ្លូវភេទ ទេ ព្រោះតែពួកគេមានការអាម៉ាស់។យើងឃើញថា សិទ្ធិសុខភាពបន្ដពូជ និងសុខភាពផ្លូវភេទយុវវ័យ អនាគតល្អ ជាគម្រោងមួយរួមបញ្ចូលនូវការចងក្រង និងអនុវត្តប្រព័ន្ធរៀនតាមអេឡិចត្រូនិក ដោយផ្នែកលើកម្មវិធីសិក្សាបំណិនជីវិត របស់ប្រសួងអប់រំ ដែលអាចឲ្យយុវជន ទាក់ទង នឹងបញ្ហាសុខភាពបន្ដពូជ សុខភាពផ្លូវភេទ ដោយមិនវិនិច្ឆ័យ ហើយការរក្សាការសម្ងាត់ និងត្រឹមត្រូវបាន ។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា គម្រោងនេះ បានអនុវត្តសាកល្បង នៅសាលារៀនចំនួន២៤ ក្នុងរាជធានី-ខេត្តហើយ មិនគ្រាន់តែផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្សប៉ុណ្ណោះទេ តែលោកគ្រូអ្នកគ្រូដែលបាន ទទួលការបណ្ដុះ បណ្ដាលពីប្រធានបទនេះ ក៏បានទទួលចំណេះដឹងបន្ថែមទៀត ក្នុងការបង្រៀនតាមប្រព័ន្ធ អេឡិចត្រូនិក ឬផ្ទាល់មាត់ផងដែរ ៕
ដោយ៖ ប្រាថ្នា