មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលបាននឹងកំពុងឈរជើងនិងដើរល្បាតនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជានឹងបន្តបង្កើនសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលបាននឹងកំពុងឈរជើងនិងដើរល្បាតនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជានឹងបន្តបង្កើនសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការបរ បាញ់សត្វព្រៃដោយខុសច្បាប់ទាំងក្នុងតំបន់ការពារធម្មជាតិ និងនៅតាមទីកន្លែងលក់ដូរសាច់សត្វព្រៃខុស ច្បាប់មួយចំនួន។ នេះគឺជាការថ្លែងបញ្ជាក់ឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ខណៈនៅដើមសបា្តហ៍នេះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសាមគ្គីបានឆ្មក់ចុះបង្ក្រាបក្រុមជនល្មើសដែលលួចលក់សាច់សត្វព្រៃ ដោយខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។
បើតាម លោក នេត្រ ភក្ត្រា ការឆ្មក់ចូលបង្ក្រាបបទល្មើសជួញដូរសត្វព្រៃខុសច្បាប់នេះត្រូវបាន ធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅដោយបានរឹបអូសសត្វអាញីចំនួន ៣ ក្បាល ក្រពះកាំប្រម៉ាចំនួន ២ សត្វត្រកួតចំនួនចំនួន ៩គីឡូក្រាម ងៀតប្រើសចំនួន ៤៧ គីឡូក្រាម សាច់ជ្រូកព្រៃចំនួន ៦០គីឡូក្រាម សត្វសំពោជចំនួន ១ ក្បាល និងសាច់កាប្រម៉ាចំនួនជិត ៣ គីឡូក្រាម។ រដ្ឋលេខា ធិការក្រសួងបរិស្ថានរូបនេះបានថ្លែងថានេះគឺជាការបំផ្លិចបំផ្លាញសត្វព្រៃដែលត្រូវប្រឈមមុខច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថានៅពេលដែលដឹងថាក្រុមមន្ត្រីឧទ្យានុរក្សចូលបង្ក្រាបបទល្មើស ក្រុមជនល្មើសបានរត់គេចខ្លួនចោលសាច់សត្វព្រៃនៅក្នុងផ្សារស្ទឹងត្រែងនោះ។
សូមបញ្ជាក់ថា ផ្សារស្ទឹងត្រែងសាមគ្គីស្ថិតក្នុងទីរួមខេត្តស្ទឹងត្រែងត្រូវបានប្រជាពលរដ្ឋស្តីបន្ទោសថាជាកន្លែងដែលក្រុមជនល្មើសតែងតែយកសាច់សត្វព្រៃទៅលក់នៅទីនោះយ៉ាងអនាធិបតេយ្យ ហើយអាជ្ញាធរគ្រប់គ្រងផ្សារនៅទីនោះហាក់ដូចជាធ្វើមិនដឹងមិនឮពីការបំផ្លាញធនធានធម្មជាតិសត្វព្រៃនេះ និងអនុញ្ញាតឱ្យជបនល្មើសដាក់លក់ដោយចំហរគ្មានញញើតឡើយ។ ចំពោះបញ្ហានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពលើបទល្មើសទាំងនេះ អាជីវករនិងប្រជាពលរដ្ឋដែលបានឃើញជនល្មើសលក់សាច់សត្វព្រៃ សូមរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីបរិស្ថានដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
តាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា សាច់សត្វព្រៃជាវត្ថុតាងនៃបទល្មើសដែលបានរឹបអូសទាំងអស់ត្រូវបានដុតកម្ទេចចោល ក្រោយពីបានធ្វើរបាយការណ៍រួចរាល់ ហើយកម្លាំងសមត្ថកិច្ចបាននិងកំពុងតាមរកមុខក្រុមជនប្រព្រឹត្តបទល្មើសដែលគេដឹងថាជាជនល្មើសដុះស្លែរក្នុងអំពើបទល្មើសលក់សាច់សត្វព្រៃខុសច្បាប់នៅក្នុងផ្សារស្ទឹងត្រែង។ ជាមួយគ្នានេះ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានទទួលស្គាល់ថាបទល្មើសធនធានធម្មជាតិនិងសត្វព្រៃនៅតែកើតមាន ប៉ុន្តែលោកបាន គូសបញ្ជាក់ថាចំនួននៃបទល្មើសមានការថយចុះដោយសារតែការរឹតបន្តឹងការអនុវត្តច្បាប់ប្រឆាំងនឹងក្រុម ជនល្មើស ការចុះផ្សព្វផ្សាយអប់រំ ណែនាំ ការចុះបិទខិត្តបណ្ណរាយការណ៍ពីបទល្មើសសត្វព្រៃផ្សេងៗ។ លោកក៏បានឱ្យដឹងផងដែរថាដោយសារតែប្រសិទ្ធភាពនៃការការពារធនធានធម្មជាតិ សត្វព្រៃជាច្រើន ត្រូវបានមើលឃើញថាមានចំនួនកើនឡើងដូចជាប្រភេទសត្វជ្រូកព្រៃ ប្រើស ខ្លាឃ្មុំជាដើម។ បច្ចុប្បន្ននេះសត្វ កម្រមួយចំនួនត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់និយាយថាទេចំពោះសាច់សត្វព្រៃ ប្រសិនបើស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃជីវៈចម្រុះគ្រប់ប្រភេទ សូមកុំបរិភោគសាច់សត្វព្រៃ ម្យ៉ាង បរិភោគសាច់សត្វព្រៃអាចបង្កផលប៉ះពាល់ដល់សុខភាពដោយសារតែគ្មានការត្រួតពិនិត្យត្រឹមត្រូវ និង សត្វព្រៃខ្លះបង្កប់ដោយមេរោគកាចសាហាវដែលអាចសម្លាប់អ្នកហូបភ្លាមៗ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print