វិភាគព័ត៍មាន នយោបាយ សេដ្ឋកិច្ច អន្តរជាតិ៖ ចិន-រុស្ស៊ី-ឥណ្ឌា រួមគ្នាប្រឆំាងអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងទណ្ឌកម្ម

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងសម្ព័ន្ធមិត្តរបស់អាមេរិក មិនពេញចិត្តទៅនឹងសកម្មភាពដឹកនាំរបស់លោកត្រាំដែលគិតតែពីផលប្រយោជន៍ខ្លួនឯង​ ។​ ប៉ុន្តែប្រទេសទាំងនោះមិនហ៊ានប្រឆាំងជាមួយអាមេរិក​ នោះឡើយ​ពិសេសគឺប្រទេសតំបន់អឺរ៉ុប។

ប៉ុន្តែសម្រាប់ប្រទេសមហាអំណាចអាស៊ី និងជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក មិនបន្ធូបន្ថយចំពោះការដាក់គំនាបនោះឡើយ ។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង មិនមានគម្រោងរៀបចំជំនួបជាមួយប្រធានាធិបតីដូណាលត្រាំ ទៀតឡើយ បើលោកមិនផ្លាស់ប្តូគោលនយោបាយ អាត្មានិយមទេនោះ។

កត្តាដែលចិន បានខ្វល់ពីការដាក់ទណ្ឌកម្ម របស់អាមេរិក ក៏ដូចជាសង្គ្រាមពាណិជ្ជកម្ម ដោយចិនបានខិតខំបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាង​ក្នុង​នោះមានរុស្ស៊ី ឥណ្ឌា ជាដើម ។ការចាប់ដៃជាមួយឥណ្ឌា គឺអាចទប់ទល់ជាមួយអាមេរិក នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែស្វែងរកសម្ពន្ធមិត្ត ពាណិជ្ជកម្មថ្មី​ ដើម្បីទប់ទល់ជាមួយ អាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម។
ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក តម្រូវការប្រើប្រាស់នៅក្នុងស្រុក ក៏ច្រើនផងដែរ ។​ទាំងនោះគឺជាឱកាសដើម្បីចិននិងឥណ្ឌាសហប្រតិបត្តិការសេដ្ឋកិច្ច នឹងធ្វើឲ្យអាមេរិក ត្រូវប្រឈមនឹងបញ្ហាវិញជាមិនខានឡើយ​។
អាមេរិក​ក៏បានដំឡើងពន្ធ​២៥ភាគរយ ដល់ដែកថែបនិង ១០ភាគរយ​ដល់ អាលុយមីញ៉ូមនាំចូលពីឥណ្ឌា។ កាលពីដើមខែកន្លងមក អាមេរិកបានបញ្ចប់ ការផ្តល់អាទិភាព​ក្នុងវិស័យពាណិជ្ជកម្ម​ដល់ឥណ្ឌា ។ កន្លងមក អាមេរិកបានលើកលែង ពន្ធនាំចូលទំនិញពីឥណ្ឌាមានតម្លៃ​៥ពាន់លានដុល្លារ ។ សកម្មភាពខាងលើ​ធ្វើឲ្យ​អាមេរិកនិងឥណ្ឌាប្រឈម​ មុខតានតឹងដាក់គ្នាជានិច្ច។
នៅពេលនេះដែរឥណ្ឌាបានប្តេជ្ញា ទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារ ទោះបីអាមេរិកព្រមានដាក់ទណ្ឌកម្ម​ក្តី។
រដ្ឋលេខាធិការក្រសួងការបរទេសចិន​លោក​ Zhang Hanhui ​បានបញ្ជាក់ថា វិវាទពាណិជ្ជកម្ម រវាង ចិននិងអាមេរិក​​ បានគ្រប់ដណ្តបដល់ប្រទេសជិតខាង ។ នៅពេលនេះឥណ្ឌាក៏កំពុងប្រឈមបញ្ហាពាណិជ្ជកម្មជាមួយអាមេរិកផងដែរ​។​ ចំណុចទាំងនោះហើយគឺជាឱកាសដល់ សម្រាប់ឥណ្ឌានិងចិន​កាន់តែជិតស្និទ្ធ​ រួមកម្លាំងគ្នាប្រឆាំង អាមេរិក​។

លោក​ Zhang Hanhui បានបន្តទៀតថា​ ចិននិងឥណ្ឌា ចាំបាច់ត្រូវតែរក្សាគោលជហរ និងប្រឆាំ​គោលនយោបាយគាំពាពាណិជ្ជកម្ម របស់លោកត្រាំ ។ នៅពេលនេះឥណ្ឌានិងចិន ចាំបាច់ត្រូវតែ រក្សាទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធនិងគ្នា ។
តាមគម្រោង ប្រធានាធិបតីចិន ស៊ីជីងពីងនិងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី និងជួបពិភាក្សាគ្នា នៅក្នុងសប្តាហ៍​​បន្ទាប់ពីកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការណ៍​​ទីក្រុងសៀងហៃ​ SCO ​ធ្វើឡើងនៅទីក្រុង​ Bishkek ​ប្រទេស​ Kyrgyzstan ។
ចំណែកទំនាក់ទំនងរវាងរុស្ស៊ី-ចិន វិញល្អប្រសើរនិងគ្នាតាំងពីដើមមក ដោយប្រទេសទាំងពីរ តែងតែប្រឆាំង គោលនយោបាយឈ្លានពានរបស់អាមេរិក ។ នៅពេលនេះទំនាក់ទំនង រុស្ស៊ី-អាមេរិក កាន់តែអាក្រក់ខ្លាំងឡើងៗ។

លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Mir TV ផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ថា «ទំនាក់ទំនងរបស់យើងកំពុងតែដាំក្បាលចុះ ទំនាក់ទំនងដែលកំពុងតែអាក្រក់ និងកាន់តែអាក្រក់ខ្លាំងឡើយ ។ រដ្ឋបាលបច្ចុប្បន្ននេះ បានយល់ព្រម និងសម្រេចយល់ព្រម រាប់សិបលើក ក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី អំឡុងឆ្នាំចុងក្រោយថ្មីៗនេះ» ។

សូមបញ្ជាក់ថា ការថ្លែងរបស់មេដឹកនាំរុស្ស៊ីពេលនេះកើតឡើង មុនពេលដែលជំនួប G20 ត្រូវបានធ្វើឡើងនៅប្រទេសជប៉ុន ចុងខែមិថុនា ឆ្នាំ២០១៩នេះ ។ នៅទីនោះ លោកពូទីន អាចនឹងជួបជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។
គួរបញ្ជាក់ថា អាមេរិក និងរុស្ស៊ី មានការប្រឈមមុខតានតឹងដាក់គ្នា ចាប់តាំងអំពីបញ្ហានៅស៊ីរី រហូតដល់អ៊ុយក្រែន និងការចោទប្រកាន់រុស្ស៊ីជ្រៀតជ្រែកកិច្ចការនយោបាយនៅអាមេរិកជាដើម ដែលជាការចោទប្រកាន់មួយ ត្រូវទីក្រុងមូស្គូច្រានចោលនោះ ។

កាលពីថ្ងៃទី១២ ខែមិថុនា លោកត្រាំ បានថ្លែងថា លោកអាចជួបជាមួយលោកពូទីន នៅឯប្រទេសជប៉ុន អំឡុងជំនួប G20 ។ ប៉ុន្តែទីក្រុងក្រឹមឡាំង បានអះអាងថា គ្មានការពិភាក្សាអ្វីមួយត្រូវបានរំពឹងគិតនោះឡើយជាមួយលោកដូណាល់ ត្រាំ ។
លោកដូណាល់ ត្រាំ ក៏បានបង្ហើបផងដែរ ការចង់បានទំនាក់ទំនងល្អប្រសើរជាមួយរុស្ស៊ី ប៉ុន្តែបែរជាយល់ព្រមបញ្ជូនកងកម្លាំងទាហាន១០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ គឺជាអ្វីដែលគេមើលឃើញថា ដើម្បីទប់ទល់ជាមួយរុស្ស៊ីនោះ ។
បច្ចុប្បន្ន រុស្សីមានពលរដ្ឋ ប្រមាណ ១៤៥លាននាក់ មានផ្ទៃដីដល់ទៅ16,376,870 គីឡូម៉ែត្រក្រឡា ។ ចំណែកឥណ្ឌាវិញ មានពលរដ្ឋ​ដល់ទៅ​ជាង ១,៣៧ពាន់លាននាក់ មានផ្ទៃដី 3,287,590 គីឡូម៉ែត្រក្រឡា ។ ចំណែកចិនវិញ មានពលរដ្ឋជាង​១,៤ពាន់លាននាក់​ មានផ្ទៃដី 9,388,211 គីឡូម៉ែត្រក្រឡា ។ សរុបប្រទេសទាំង​៣ មានពលរដ្ឋជិត​៣ពាន់លាននាក់ អាចបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកបានយ៉ាងល្អបំផុត​ដែលអាចធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរបស់អាមេរិក ក្លាយជាឥតន័យ៕

ដោយ៖ មែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print