លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល

ចែករំលែក៖

ភ្នំពេញៈ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលសុទ្ធសឹងតែជាខេត្ត ដែលប្រកបដោយសក្តានុពលខាងការផលិតស្រូវរបស់កម្ពុជា ។
ថ្លែងនៅក្នុងពេលចុះពិនិត្យការងារ លោកស្រីរដ្ឋលេខាធិការ បានប្រាប់ឱ្យដឹងថា បើទោះជារបបទឹកភ្លៀងឆ្នាំនេះ មានការថមថយជាងបណ្តាឆ្នាំងកន្លងមក ប៉ុន្តែតាមរយៈប្រព័ន្ធធារាសាស្ត្រសំខាន់ៗរបស់យើង រួមមានទំនប់ទី៣ និងទី៥ ដំណាក់អំពិល ចរឹក ក្នុងខេត្តពោធិ៍សាត់, ប្រព័ន្ធកំពីងពួយ កង្ហត ក្នុងខេត្តបាត់ដំបង, ប្រព័ន្ធអាងត្រពាំងថ្ម ប្រព័ន្ធពោធិពីរដើម ប្រព័ន្ធទំនប់សំបួរ ក្នុងខេត្តបន្ទាយមានជ័យ និងបណ្តាប្រព័ន្ធផ្សេងៗជាច្រើនទៀត បានធ្វើឱ្យសក្តានុពលទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលតាមបណ្តាខេត្តនៅតំបន់ភូមិភាគពាយ័ព្យនេះ មានបរិបូណ៍ សម្រាប់ប្រើប្រាស់ទាំងស្រូវវស្សា និងស្រូវប្រាំង ។ លោកស្រីបន្តថា បច្ចុប្បន្នទន្ទឹមនឹងការប្រមូលផលដំណាំស្រូវរដូវវស្សា ប្រជាកសិករនៅក្នុងខេត្តទាំងបី កំពុងបន្តធ្វើការដាំដុះដំណាំស្រូវរដូវប្រាំងយ៉ាងមមាញឹកផងដែរ ហើយមកដល់ពេលនេះបាន និងកំពុងធ្វើលើសផែនការកំណត់ថែមទៀត ។
លោកស្រី សេង វណ្ណសាយ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្តពោធិ៍សាត់ ដាំដុះដំណាាំស្រូវរដូវប្រាំងបានចំនួន ១២.៣៩៨ ហិកតា ស្មើនឹងជាង ១៤៩ភាគរយ នៃផែនការ និងប្រមូលផលដំណាំស្រូវវស្សា បានចំនួន ៨៦.៩១៦ ហិកតា ស្មើនឹងប្រមាណ ៨០ភាគរយ នៃផ្ទៃដីផលិតបាន ។ សម្រាប់ខេត្តបាត់ដំបង ដាំដុះដំណាំស្រូវប្រាំងបានចំនួន ១១.៥២០ ហិកតា ស្មើនឹងជាង ១០៩ភាគរយ នៃផែនការ និងប្រមូលផលដំណាំស្រូវវស្សាបានចំនួន ១២៥.១០០ ហិកតា ស្មើនឹង ៤៣ ភាគរយ នៃផ្ទៃដីផលិតបាន ។ ចំណែកខេត្តបន្ទាយមានជ័យ ដាំដុះស្រូវប្រាំងបានចំនួន ២១.២០០ ហិកតា ស្មើនឹងជាង ១៧៦ ភាគរយ នៃផែនការ និងប្រមូលផលស្រូវវស្សាបាន ចំនួន ១៤២.៦៩២ ហិកតា ស្មើនឹង ៥៨ ភាគរយ នៃផ្ទៃដីផលិតបាន ។
លោកស្រីរដ្ឋលេខាធិការ បានបន្តថា ជាមួយនឹងការផលិតស្រូវប្រាំង ដែលបាន និងកំពុងធ្វើលើសផែនការកំណត់នេះ ក្រុមការងារក្រសួង ក៏ដូចជាមន្ទីីរធនធានទឹក និងឧតុនិយម នៃខេត្តទាំងបី កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការចុះអន្តរាគមន៍សង្គ្រោះ ក្នុងករណីជួបនូវកង្វះខាតទឹក ៕ 
    
    
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print