សាលាប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីប្រកួត ប្រជែង គណិតវិទ្យា កម្រិតប៊ែលធី (BELTEI Level) លើកទី៣ ឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ រសៀលថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ ប្រកួតប្រជែង គណិតវិទ្យាកម្រិត ប៊ែលធី (BELTEI Level) លើកទី៣ ឆ្នាំ២០១៩ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៥ ទី៨ និងទី១១ ដែលមានបេក្ខជនចំនួន ៥៧នាក់ ដែលមានចំណាត់លេខ១ តាមសាខាទាំង២០ និងអ្នកចូលរួមសរុប៧០០នាក់ ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៍ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានអោយដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាចំនួនជាង ៤២ ០០០នាក់ និងបុគ្គលិកបម្រើការងារ ប្រមាណ ២ ២១៥នាក់ផងដែរ ។
លោក ប៊ុត ឌីម៉ង់ បានបន្តថា ការប្រកួតប្រជែងគណិតវិទ្យានេះ ត្រូវបានចែកចេញជា៣ដំណាក់កាលដូចខាងក្រោម ៖
១- ការប្រកួតនៅតាមថ្នាក់ (Class Level Competition)គឺជាការប្រកួតនៅក្នុងថ្នាក់នីមួយៗ ហើយលោកគ្រូអ្នកគ្រូជាអ្នកទទួលខុសត្រូវរៀបចំ។
២- ការប្រកួតកម្រិតសាខា (Campus Level Competition) គឺជាការប្រកួតប្រជែងនៅតាមបណ្តាសាខា ហើយលោកនាយកសាខា ជាអ្នកទទួលខុសត្រូវរៀបចំ ការប្រកួតជ្រើសរើសសិស្ស ដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅថ្នាក់ទី៥ ទី៨ និងទី១១ មកចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្រកម្រិត ប៊ែលធី ។
៣- ការប្រកួតកម្រិតប៊ែលធី (BELTEI Level Competition) ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលរៀបចំដោយការិយាល័យកណ្តាលនៃ ប៊ែលធី គ្រុប ដើម្បីជ្រើសរើសយកបេក្ខជន ជ័យលាភីលេខ១ លេខ២ និងលេខ៣ នៃថ្នាក់ទី៥ទី៨ និងទី១១ មកពី២០សាខា ។ លោកបន្តថា ការប្រកួតប្រជែងគណិតវិទ្យានេះ គឺបង្កើតឡើងក្នុងគោលបំណង ឲ្យសិស្សមានការគិត និងសរសេរឲ្យរហ័សរហួន ដូចជាការបូក ដក គុណ ចែកលេខ និងគណនារូបមន្ត គណិតវិទ្យាផ្សេងៗ ។

លោក ប៊ុត ឌីម៉ង់ ក៍បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សាលាបានទទួលសិទ្ធិផ្ដាច់មុខ (Franchise) លើកម្មវិធី “គណនាលេខរហ័ស” IMA ពីប្រទេសម៉ាឡេស៊ី ដែលកម្មវិធីនេះ នឹងជួយដល់សិស្សានុសិស្ស ឱ្យបង្កើតល្បឿន នៃការគិតលេខ និងអភិវឌ្ឍក្នុងការប្រើប្រាស់ខួរក្បាល របស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ ឧបករណ៍ក្បាច់(abacus) និងបច្ចេកទេសបង្រៀន បែបវិទ្យាសាស្ត្រទំនើប និងធ្វើឲ្យសិស្ស របស់យើងពូកែគណិតវិទ្យា ។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ នាពេលនេះ និងបានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗ បានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ ។

ជាចុងក្រោយ លោក លី ប៊ុនឆៃ ក៏បានប្រគល់ មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់ លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៥ ទី៨ និងទី១១ ចំនួន៩នាក់ផងដែរ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print