ខេត្តបាត់ដំបង ៖ សត្វស្លាបគ្រប់ប្រភេទ រាប់រយ រាប់ពាន់ក្បាល ត្រូវបានគេសម្លាប់យកមកដាក់លក់យ៉ាងអនាធិបតេយ្យ ដោយមានទាំងឆៅ និងមានទាំងឆ្អិនជារៀងរាល់ថ្ងៃ សម្រាប់ឲ្យអតិថិជនចូលទៅអង្គុយពិសារយ៉ាងឆ្ងាញ់ជាមួយនឹងទឹកត្នោតជូរនៅតាមកញ្ចុះ ដែលគេបានសង់ឡើងនៅសងខាងផ្លូវ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមើលទៅហាក់ដូចជាមិនរំខានដល់ស្ថាប័នជំនាញណាមួយឡើយ។
ជារៀងរាល់ថ្ងៃ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ពីភ្នំពេញទៅបាត់ដំបង ដល់ត្រង់ចំណុចភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង គេនឹងប្រទះឃើញ ទីតាំងលក់សត្វស្លាបជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋក្នុងភូមិសាស្រ្ដនេះបានសង់កញ្ចុះជាពីរជួរនៅអមសងខាងផ្លូវ ហើយមានដាក់ព្យួរសត្វស្លាបស្ទើរតែគ្រប់ប្រភេទ ទាំងឆៅ ទាំងឆ្អិន សម្រាប់ឲ្យអតិថិជនចូលទៅអង្គុយហូប ក្លែមជាមួយនឹងទឹកត្នោតជូរ ឬក៏អាចវេចខ្ចប់យកទៅផ្ញើសាច់ញាតិនៅឯផ្ទះក៏បាន។
តាមសម្ដីអ្នកលក់នៅទីនោះបាននិយាយថា កាលពីពួកគាត់បើកលក់ដំបូងមានអង្គភាពជំនាញមួយចំនួនបានទៅយកលុយដាក់ខែជាប់ជាប្រចាំ ដោយក្នុងនោះក៏មានទាំងខាងអង្គការមួយចំនួនផងដែរ។ ប៉ុន្តែក្រោយមកការយកលុយនេះក៏បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីខាងអង្គការវ៉ាយអេតចុះចាប់ មួយលើកជាពីរលើករួចមក។
ប្រភពដដែលបានបន្ដថា សត្វស្លាបទាំងនេះគឺមានឈ្មួញដឹកយកមកឲ្យពួកគាត់នៅពេលទៀបភ្លឺ ដើម្បីបោះដុំឲ្យលក់គឺអាចបានកម្រៃក្នុងមួយក្បាលចាប់ពី៥០០រៀល ដល់ ១ពាន់រៀល ទៅតាមសត្វតូច ឬធំ ហើយបើគួបផ្សំជាមួយនឹងទឹកត្នោតជូរបន្ថែមទៀត ពួកគាត់អាចរកបានខ្លះសម្រាប់របបប្រចាំថ្ងៃនៅក្នុងគ្រួសាររបស់គាត់។ ទោះបីជាមានការចាប់ម្តងម្កាលក៏ដោយ ក៏គាត់ត្រូវតែបង្ខំចិត្តធ្វើដែរ ព្រោះថា បើគាត់លក់សត្វក្រួច ដែលគេចិញ្ចឹមក្នុងស្រុកនោះ គេមិនបរិភោគឡើយគឺអ្នកទិញគេសួររក តែសត្វព្រៃតែប៉ុណ្ណោះ។
ប្រភពបានបញ្ជាក់ទៀតថា ថ្មីៗនេះដូចជាស្ងាត់អ្នកមកសុំលុយ។ រីឯជំនាញក៏មិនដែលឃើញមកដែរ។ ប៉ុន្តែមានម្តងគឺខាងអង្គការ ដែលមានឯកសណ្ឋានបរិស្ថាន បានមកសុំសត្វឆ្អិនយកទៅបរិភោគ ដោយពួកគេមិនយកទេសត្វក្រួចដែលចិញ្ចឹម នេះសបញ្ជាក់ឲ្យឃើញថា សូម្បីតែខាងជំនាញក៏រកសត្វព្រៃហូបដែរ។
ដោយសារតែបញ្ហានេះហើយបានជាប្រជាពលរដ្ឋ ដែលលក់នៅទីនេះមិនសូវព្រួយបារម្ភនឹងការចាប់ចងទៀតនោះទេ ព្រោះខាងអស់លោកជំនាញមួយចំនួនគាត់ចូលចិត្តបរិភោគសត្វស្លាបនេះដែរ ដូច្នេះវាជាការងាយបំផុតសម្រាប់ការលួងចិត្តដល់ពួកគាត់។ នេះហើយដែលជាបញ្ហាធ្វើឲ្យសត្វស្លាបនៅក្នុងតំបន់ព្រៃរនាមវិនាសហិនហោចពីមួយថ្ងៃទៅមួយថ្ងៃ គឺគ្មានការអភិរក្សទាល់តែសោះ៕ សហការី