ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ច នៅប្រទេសថៃរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០១៥នេះ សម្តេចអគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានស្នើលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃប្រទេសថៃ ជួយថែទាំ និងខិតខំរួមគ្នាលុបបំបាត់ពួកជួញដូរមនុស្ស និងកេងប្រវ័ញ្ច កម្លាំងពលកម្ម ព្រមទាំងបន្តរឹតចំណងសាមគ្គីរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ ពោលក្នុងជំនួបនេះគឺទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក ។
បើយោងតាមហ្វេសប៊ុក របស់សម្តេចតេជោ ដែលបានថ្លែងក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រី្តថៃ បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានបញ្ចប់ជាមួយ នឹងលទ្ធផលប្រកបដោយផ្លែផ្កា។នៅថ្ងៃទី១៩ធ្នូឆ្នាំ២០១៥ នេះ គណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា ថៃនិងប្រជុំជាលើកទី២បន្ទាប់ពីការប្រជុំនៅឆ្នាំ២០០៣។ ឯកសារមួយចំនួននឹងត្រូវចុះហត្ថលេខា ដែលកិច្ចព្រមព្រៀងនោះ សុទ្ធសឹងតែជាផលប្រយោជន៏ នៃប្រជាជនទាំងសងខាង កម្ពុជា និង ថៃ។ ទាំងទស្សនកិច្ច ទាំងការប្រជុំគណៈរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ធ្វើឡើងចំពេលខួបអនុស្សាវរីយ៍ លើក៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា “រាល់ការសន្ទនាខ្ញុំមិនភ្លេចលើកឡើងអំពីពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលបានស្នើឲ្យភាគីថៃយកចិត្តទុកដាក់ជួយថែទាំ និងខិតខំរួមគ្នាដើម្បីលប់បំបាត់ពួកជួញដូរមនុស្ស និងគេងប្រវញ្ច័កម្លាំងពលកម្ម”។
ក្នុងនោះដែរ សម្តេចនាយករដ្ឋមន្រី្ត បានផ្តាំផ្ញើទៅកាន់ បងប្អូនពលករ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងធ្វើការក្នុងប្រទេសថៃថា “សូមមេត្តាយោគយល់អាធ្យាស្រ័យដែលខ្ញុំពុំមានលទ្ធភាពរៀបចំការជួបសំណេះសំណាលបាន អាស្រ័យដោយពុំមានពេលវេលាគ្រប់គ្រាន់។ ខ្ញុំសូមផ្តាំផ្ញើសាកសួរសុខទុក្ខ និងសូមជូនពរបងប្អូនទាំងអស់ ជួបតែសេចក្តីសុខ” ៕ ប្រាថ្នា