នៅក្នុងកិច្ចប្រជុំស្តីពីពាណិជ្ជកម្មម្មBloomberg Asean Business នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃទី២១ខែមិថុនាថា បច្ចុប្បន្នប្រទេសថៃ មានស្ថិរភាពនយោបាយ និងអាចយកឈ្នះលើជម្លោះក្នុងប្រទេសនេះ។លោកបន្តទៀតថា«យើងបានយកឈ្នះពេលវេលាដ៏សំខាន់មួយ ដែលជាការរៀបចំការបោះឆ្នោតសកល។ យើងបានយកឈ្នះលើបញ្ហារ៉ាំរ៉ៃជាច្រើននៅក្នុងប្រទេសនេះដែលបានរាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម”។
អតីតប្រមុខដឹកនាំកងទ័ពនេះ បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤ បន្ទាប់ពីមានភាពចលាចលដ៏អាក្រក់និងអូសបន្ថាយពេលយូរបំផុតនៅប្រទេសនេះនៅក្រោមរបបដឹកនាំដោយយោធារហូតដល់មានការបោះឆ្នោតនៅឆ្នាំនេះ។
នាយករដ្ឋមន្ត្រីថៃបាននិយាយកាលពីថ្ងៃសុក្រទី២១មិថុនាថា ពួកមេដឹកនាំអាស៊ីអាគ្នេយ៍អន្ទះសារចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលដឹកនាំដោយចិននៅចុងឆ្នាំនេះ ជាមួយការពិភាក្សាបន្ថែមទៀតត្រូវបានរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលមួយនៅបាងកកអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
រដ្ឋាភិបាលក្រុងប៉េកាំងកំពុងព្យាយាមសម្រួចចេញនូវរូបរាងច្បាប់ពាណិជ្ជកម្មសេរីនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈសហរដ្ឋអាម៉េរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងពហុភាគីនិយមក្រោមប្រធានាធិបតីដូណាល់ ត្រាំ។
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលព្រាងឡើងដោយចិន ហៅកាត់ថា RCEP បានរួមបញ្ចូលសេដ្ឋកិច្ចទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលកំពុងជួបប្រជុំគ្នានៅចុងសប្ដាហ៍នេះនៅក្នុងរដ្ឋធានីរបស់ថៃ។
ប៉ុន្តែភាពជាដៃគូនេះក៏លាតសន្ធឹងឆ្លងកាត់គូប្រជែងក្នុងតំបន់ដ៏សំខាន់របស់ចិនផងដែរដូចជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់ ដោយមានប្រជាជនពាក់កណ្តាលពិភពលោក និង មានពាណិជ្ជកម្មលើពិភពលោកប្រហែល ៤០ ភាគរយ។
ជម្លោះតូចៗជាមួយឥណ្ឌាជុំវិញសិទ្ធិចូលទីផ្សារប្រើប្រាស់ដ៏ធំរបស់ខ្លួនក៏ដូចជាអូស្ត្រាលីនិងនូវែលសេឡង់ជុំវិញកង្វះពលកម្ម “គុណភាពខ្ពស់” និងស្តង់ដារបរិស្ថាន បានបំផ្លាញដល់កិច្ចពិភាក្សាក្នុងប៉ុន្មានខែថ្មីៗនេះ។
ក្រុមអ្នកវិភាគនិយាយថា អាទិភាពប្រកួតប្រជែងទាំងអស់នេះគឺមានន័យថា ការចុះហត្ថលេខានាពេលឆាប់ៗណាមួយប្រហែលទំនងមិនអាចធ្វើបានទេ។
ប៉ុន្តែអាស៊ានដែលរៀបចំនៅឆ្នាំនេះដោយប្រទេសថៃបានប្តេជ្ញាជំរុញឱ្យចេញកិច្ចព្រមព្រៀងនេះឱ្យរួចរាល់ ខណៈពន្ធសងសឹកទៅវិញទៅមករវាងសហរដ្ឋអាម៉េរិកនិងចិនកំពុងធ្វើឱ្យងងឹតសូន្យឈឹងនូវទស្សនវិស័យនៃពាណិជ្ជកម្មសេរីសកលលោក។
លោកប្រាយុទ្ធ ចាន់អូចាបានប្រាប់វេទិកាពាណិជ្ជកម្មមួយនៅទីក្រុងបាងកកកាលពីថ្ងៃសុក្រថា “ថៃកំពុងព្យាយាមពន្លឿនចរចាបញ្ចប់នូវ RCEP នៅឆ្នាំនេះ។ នេះគឺជាបំណងចង់បានរបស់មេដឹកនាំទាំងអស់ ដែលបានព្រមព្រៀងគ្នា”។
យោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្មហ្វីលីពីនលោករ៉ាម៉ុន ឡូប៉េស បានឱ្យដឹងថា ៧ជំពូកក្នុងចំណោម១៨ជំពូកក្នុងកិច្ចព្រមព្រៀងត្រូវបាន “រៀបចំរួចរាល់”។
លោកឡូប៉េសនិយាយថា “យើងបានឈានដល់ចំណុចមួយដើម្បីទាមទារឱ្យគ្រប់ភាគីចរចាផ្សេងៗគ្នាមានភាពប្រាកដនិយមនិងជាក់ស្តែងជាងនេះ”។ លោកបានបន្ថែមថា ជម្លោះរវាងអាម៉េរិកនិងចិនគួរតែជំរុញឱ្យអាស៊ានពន្លឿន “កិច្ចព្រមព្រៀង RCEP” ឱ្យបានឆាប់រហ័ស។
មិនយូរប៉ុន្មានបន្ទាប់ពីចូលកាន់តំណែង លោកត្រាំបានដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិកដែលដឹកនាំដោយអាម៉េរិក ដែលហៅថា TPP ដែលបង្កើតឡើងដើម្បីរក្សាតុល្យភាពអំណាចសេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ការណ៍នោះបានបើកទ្វារឱ្យប៉េកាំងចេញមុខគាំទ្រពាណិជ្ជកម្មសេរីនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ប៉ុន្តែសហរដ្ឋអាម៉េរិកកំពុងរងការឈឺចាប់ក្នុងការទទូចថាខ្លួនមិនបានបោះបង់ចោលតំបន់នេះទេហើយនៅតែមានការប្តេជ្ញាចិត្តខ្លាំងក្លាចំពោះតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្តីរបស់លោកភីតធឺ ហៃម៉ុន ភារធារីរបស់អាម៉េរិកប្រចាំប្រទេសថៃ។
លោកបាននិយាយថា “យើងមើលឃើញថានេះជាតំបន់ដែលមានសន្ទុះខ្លាំងក្លា” ដោយបន្ថែមថា រដ្ឋបាលត្រាំបានដាក់អាទិភាពបន្ថែមលើការធ្វើបច្ចុប្បន្នភាពនិងធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់។
“ប៉ុន្តែអាម៉េរិកពិតជាប្តេជ្ញាចិត្តខ្លាំងណាស់ក្នុងការពង្រឹងភាពជាដៃគូរបស់ខ្លួននៅទូទាំងអាស៊ាននិងនៅទូទាំងតំបន់”៕