លោក យន្ត មីន ទទួលខុសត្រូវកម្រិតណា ករណីអគារសំណង់សណ្ឋាគារកម្ពស់៧ជាន់ “គ្មានច្បាប់”រហូតបង្កមហន្តរាយស្លាប់មនុស្សជាច្រើននាក់ ?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អគារសំណង់សណ្ឋាគារកម្ពស់៧ជាន់ “គ្មានច្បាប់”តែអាចដំណើរការសាងសង់បានជាធម្មតា រហូតកើតមានគ្រោះមហន្តរាយរលំសង្កត់កម្មករស្លាប់ចំនួន៣នាក់ និង របួសជាច្រើននាក់ ធ្វើអោយមហាជន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ។ បញ្ហានេះ មហាជន ចង់ឃើញអ្នកទទួលខុសត្រូវពិតប្រាកដ ពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដោយសំដៅលើលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ តែម្តង ។

ប្រជាពលរដ្ឋ បញ្ជាក់ថា “ភាគច្រើនសាងសង់មុនទើបរត់ច្បាប់តាមក្រោយ ។ បើតាមខ្ញុំដឹង កន្លែងខ្លះសង់១៥ជាន់ឃួងគ្រឹះហើយច្បាប់មិនទាន់ចេញផង”។ ពលរដ្ឋខ្លះ បញ្ជាក់ថា សម្តែងការហួសចិត្តថា “ពុទ្ធោអើយ ហេតុអ្វីស្រុកខ្ញុំមិនដូចស្រុកគេរលំអគារ៧ជាន់ ទើបដឹងថាគ្មានច្បាប់”។

ទោះបីយ៉ាងណា រហូតមកទល់ពេលនេះ មនុស្សចំនួន៤នាក់ ត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែល ទើបទទួលបាននៅវេលាថ្ងៃត្រង់ទី២២ ខែមិថុនា នេះ ។

ជាមួយគ្នានេះ ដោយសារស្ថានភាពធ្ងន់ធ្ងរ , កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ។

ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២ ខែមិថុនា នេះ ដើម្បីប្រតិបត្តិការជួយសង្គ្រោះ រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ ។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ មនុស្សចំនួន៣​នាក់បានស្លាប់ របួសធ្ងន់៣នាក់ និង របួសស្រាលចំនួន១៦នាក់ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន បញ្ជាក់ថា អគារសំណង់សណ្ឋាគារនេះ គឺ ពុំមានច្បាប់អនុញ្ញាតឡើយ តែអាចសាងសង់បានជាធម្មតា ដែលជាហេតុនាំអោយកើតរឿងនេះឡើង ទំនងជាលក្ខណៈបច្ចេកទេសសាងសង់មិនត្រឹមត្រូវ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print