ភ្នំពេញ៖ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ ខណៈកំពុងអង្គុយនិយាយទូរស័ព្ទនៅមុខផ្ទះសុខៗ ស្រាប់តែមានខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមកបាញ់ប្រហារ២គ្រាប់ រួចជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។
គ្រាប់កាំភ្លើងមួយគ្រាប់ត្រូវនៅកន្លាក់ដៃខាងឆ្វេង និងមួយគ្រាប់ទៀតត្រូវចំកំភួនជើងជនរងគ្រោះ ហើយត្រូវក្រុមគ្រួសារបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
ហេតុការណ៍បាញ់ប្រហារដែលមិនទាន់ដឹងពីមូលហេតុពិតប្រាកដនេះបានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចមុខផ្ទះលេខ៦០ ផ្លូវ២៣ ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះ ចាន់ ដា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦០ ផ្លូវ២៣ ក្នុងបុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានអង្គុយនិយាយទូរស័ព្ទនៅខាងមុខផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខមកឈប់មិនឆ្ងាយប៉ុន្មានពីស្ត្រីរងគ្រោះ រួចធ្វើសកម្មភាពដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់សំដៅមកលើស្ត្រីរងគ្រោះ២គ្រាប់ រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយកើតហេតុខាងលើ លោកម៉ក ហុង អធិការនគរបាលខណ្ឌសែនសុខ ព្រមជាមួយលោក សុខ ឧត្តម មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌសែនសុខបានចុះដល់កន្លែងកើតហេតុ និងចាត់កម្លាំងតាមប្រមាញ់រកជនសង្ស័យផងដែរ ។
ស្ថិតនៅក្នុងមន្ទីរពេទ្យ ស្ត្រីរងគ្រោះ ចាន់ ដា បានស្រែកថា «ស្គាល់អ្នកបាញ់(គាត់)ហើយ» ។ ប៉ុន្តែស្ត្រីរងគ្រោះមិនទាន់សហការជាមួយសមត្ថកិច្ច ឬប្រាប់ដល់អ្នកកាសែតនោះឡើយ ។
ប្រភពក្រៅផ្លូវការបានខ្សឹបថា ករណីនេះទំនងជាពាក់ព័ន្ធស្នេហាត្រីកោណ ៕
ដោយ៖ តុង សីហា