គណៈបញ្ជាការឯកភាព ខណ្ឌសែនសុខចាត់វិធានការរដ្ឋបាលទៅលើម្ចាស់ផ្ទះដែលសាងសង់ខឿនមុខផ្ទះខ្ពស់ជាងគេ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះលក់សម្ភារៈ បរិក្ខា ជាច្រើនមុខ មួយកន្លែងមានទីតាំង ឋិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខសាងសង់ខឿនមុខផ្ទះខ្ពស់ជាងគេខុសទ្រុងទ្រាយដើម ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងសោភណ្ឌភាព ជាពិសេស បិទផ្លូវទឹកមិនអោយហូរចូលលូរ ហើយត្រូវប្រជាពលរដ្ឋប្តឹងតាំងពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការរដ្ឋបាលហើយដោយប្រើប្រាស់កម្លាំងវាយកំទេចចោល ។
ចំណាត់ការរដ្ឋបាលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំដោយលោកឆាយ វាសនា នាយករដ្ឋបាល ខណ្ឌ តំណាងលោកអភិបាលខណ្ឌ សែនសុខ និងមានការចូលរួមពីកម្លាំងសន្តិសុខខណ្ឌ ព្រមទាំងមន្ត្រីជំនាញផងដែរ ។
សូមបញ្ជាក់ថាមុននឹងគណៈបញ្ជាការឯកភាពខណ្ឌប្រើប្រាស់កម្លាំងដើម្បីចាត់វិធានការរដ្ឋបាលចុះមកវាយកម្ទេចចោលនេះ រដ្ឋបាលខណ្ឌសែនសុខបានចុះមកណែនាំព្រមទាំងធ្វើកំណត់ហេតុអោយម្ចាស់ផ្ទះឈ្មោះហូ ជុងលី រុះរើខឿននៅមុខផ្ទះខ្លួនឡើងវិញព្រោះ សាងសង់ខុសបច្ចេកទេស ដោយទុករយៈពេល១សប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។
កំណត់ហេតុលើកទី១ ម្ចាស់ផ្ទះអត់អនុវត្តតាមនោះទេ ក្រោយមកលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចេញលិខិតមួយច្បាប់ទៀត តម្រូវអោយម្ចាស់ផ្ទះឈូសឆាយខឿនដែលខ្ពស់នេះចេញពីលើផ្លូវសាធារណៈអោយបានទាបស្មើនិងក្បាលដីឡូត៍សងខាងអោយបានរួចរាលត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ផុតរយៈពេលនេះបើសិនម្ចាស់ផ្ទះមិនព្រមធ្វើការឈូសឆាយទេ រដ្ឋបាលខណ្ឌនិងធ្វើការឈូសឆាយ ហើយម្ចាស់ផ្ទះជាអ្នកចំណាយលើថ្លៃពលកម្មទាំងស្រុង ។
បន្ទាប់ពីកំណត់ឱសានវាទអោយម្ចាស់ផ្ទះឈូសឆាយខឿនដោយខ្លួនឯង ហើយម្ចាស់ផ្ទះមិនព្រមអនុវត្តរួចមកទើបនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ រដ្ឋបាលខណ្ឌសែនសុខចាត់វិធានការរដ្ឋបាលវាយកម្ទេចចោលតែម្តង តែសកម្មភាពចុះវាយកម្ទេចនោះធ្វើឡើងតែមួយកំណាត់ប៉ុណ្ណោះចំណែកខឿនមួយកំណាត់ទៀតដែលសាងសង់ខុសបច្ចេកទេសមិនត្រូវបានវាយចោលនោះទេ ធ្វើអោយប្រជាពលរដ្ឋមានចំងល់គ្រប់ៗគ្នា និងសំណូមពរបន្តអនុវត្តតាមវិធានរដ្ឋបាលបន្ត ។
ពាក់ព័ន្ធបញ្ហានេះលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបញ្ជាក់ដូច្នេះថា អាជ្ញាធរធ្វើតាមត្រឹមតែដីកម្មសិទ្ធរបស់រដ្ឋទេ គឺវាស់ពីអ័ក្សផ្លូវ មកប្រវែង១៥ម៉ែត្រ បន្ទាប់ពីនោះគឺជាដីកម្មសិទ្ធរបស់បុគ្គល អាជ្ញាធរ មិនហ៊ានប៉ះពាល់នោះទេ ៕

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print