កិច្ចប្រជុំ​G-20 ជាឱកាសដើម្បីជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗទៀតក្រៅពីអាមេរិក

ចែករំលែក៖

ក្នុងពេលដែលស្ថានភាពពាណិជ្ជកម្ម របស់អាមេរិក ប្រឈមនៅបញ្ហាជាច្រើន ដោយសារតែ​ វិវាទពាណិជ្ជកម្ម ជុំវិញពិភពលោក ក្នុងនោះមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន​ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេច្ឋកិច្ចរបស់ជប៉ុន​។ ដូច្នេះជប៉ុននឹងស្វែងរកដៃគូរសេដ្ឋកិច្ចផ្សេងទៀត នៅក្នុងកិច្ចប្រជុំ​G-20 ។

នៅពេលនេះប្រធានាធិបតីបារាំង លោកម៉ាក្រុង ព្រមទាំងភរិយា ទើបតែបាន​ទៅដល់ទីក្រុងតូក្យួប្រទេសជប៉ុន​ នៅ ទី​២៦មិថុនា។ នេះគឺជាទស្សនកិច្ចលើកទីមួយ នៅប្រទេសជប៉ុន របស់លោកប្រធានាធិបតីវ័យក្មេងបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង។ ទស្សនកិច្ច គឺធ្វើឡើងមុន៣ថ្ងៃ នៃការចាប់ផ្តើម បើកជំនួបកំពូលប្រទេស G20 នៅឯទី​ក្រុង​អូសាកា។ បើតាមការរំពឹងទុក ជំនួប​របស់លោកប្រធានាធិបតីបារាំង ជាមួយនាយករដ្ឋមន្ត្រីជប៉ុននាពេលនេះ អាចជាឱកាស ដែលបារាំង បញ្ជាក់ពីចំណងសហប្រតិបត្តិការផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មជាមួយនឹងជប៉ុន ខណៈដែល​ប្រទេសទាំង២ហាក់មានការថ្នាំងថ្នាំងនឹងគ្នា ដោយសារតែសំណុំរឿង ពាក់ព័ន្ធនឹង​អតីតអគ្គនាយកក្រុមហ៊ុន Renault-Nissan។

សំណុំរឿង ដែលលោកអាម៉ានុយអែល ម៉ាក្រុង នឹងនិយាយជាមួយរដ្ឋាភិបាលជប៉ុន មានច្រើនណាស់ ដែលក្នុងនោះ ធំបំផុតគឺទំនាក់ទំនងសេដ្ឋកិច្ច។ អមដំណើរជាមួយលោកម៉ាក្រុង គឺមានលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង Bruno Le Maire ដែរ។ ជប៉ុនគឺជាប្រទេស​អាស៊ី ដែលវិនិយោគច្រើនជាងគេនៅបារាំង ហើយជប៉ុនក៏គឺជាប្រទេសអាស៊ីទីពីរ បន្ទាប់ពីចិន ដែលបារាំង មានការដោះដូរពាណិជ្ជកម្មច្រើនជាងគេ។

ជាមួយគ្នានេះជប៉ុនក៏កំពុងតែស្វែងរកបង្អែកផ្សេងពីអាមេរិក ដើម្បីការពារខ្លួន។ យើងមិនត្រូវភ្លេ​ចទេ ថានៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក បារាំងមានដែនដីមួយចំនួន ដូចជា​តំបន់ប្រជុំកោះ ប៉ូលីណេស៊ី និងនូវែលកាឡេដូនីជាដើម។ ដែនដីកោះទាំងនោះ បានផ្តល់សិទ្ធិឲ្យបារាំង មានតំបន់សេដ្ឋកិច្ចផ្តាច់មុខ នៅក្នុងលំហរសមុទ្រ។ បើផ្អែកតាមប្រភពព័ត៌មានពីវិមានប្រធានាធិបតីបារាំង ជាមួយនឹងជប៉ុន សហប្រតិបត្តិការរបស់បារាំង នឹងផ្អែកលើគ្រឹះចំនួន​៣ ក្នុងនោះមានវិស័យសន្តិសុខ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងចុងក្រោយគឺផ្នែក​បរិស្ថាន​ជីវចម្រុះ។

ចាប់តាំងពីឆ្នាំ២០១៤មក បារាំងនឹងជប៉ុន បានបើកការប្រជុំរួមគ្នា រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រី​ការពារជាតិ ទាំងសងខាង មួយឆ្នាំម្តង។ ប្រទេសទាំង២សុទ្ធតែមានការបារម្ភ ពីចេតនាវាទទី និងមហិច្ឆិតាយោធារបស់ចិន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហេតុដូច្នេះហើយ បានជានៅឆ្នាំ២០១៦ បារាំង និងជប៉ុន បានចុះហត្ថលេខាជាមួយគ្នា ដើម្បីបើកការសហការផ្នែកកងទ័ព ធ្វើសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរ​​​បច្ចេកវិទ្យា គ្រឿងបរិក្ខាគ្នាទៅវិញទៅមក ក្នុងវិស័យការពារជាតិនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print