ដោយខ្លាចសង្គ្រាមកើតឡើងជាទ្រង់ទ្រាយធំនៅក្នុងតំបន់មជ្ឈិមបូព៌ា បណ្តាសមាជិកព្រឹទ្ធសភាអាមេរិក បានស្នើរអនុម័តច្បាប់ទប់ស្កាត់លោកត្រាំវាយប្រហារអ៊ីរ៉ង់។
កាលពីថ្ងៃទី២៦ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត ទៅលើសេចក្តីព្រៀងច្បាប់ ដើម្បីរារាំងប្រធានាធិបតីដូណាលត្រាំ វាយប្រហារដោយយោធាទៅលើ ប្រទេសអ៊ីរ៉ង់ ដោយគ្មានការយល់ព្រមពីសភា។
នៅក្នុងសេចក្តីប្រកាស សមាជិកព្រឹទ្ធសភា លោក Mitch McConnell បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាបានពិភាក្សា លើច្បាប់កែប្រែ ដើម្បីរារាំងប្រធានាធិបតីដូណាលត្រាំ ប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើប្រទេសផ្សេងទៀត ក្នុងនោះមានអ៊ីរ៉ង់ ដោយមិនបានឆ្លងកាត់សភាអនុញ្ញាត ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល បណ្តាមន្ត្រីអាមេរិកមានក្តីបារម្ភយ៉ាងខ្លាំងពីសកម្មភាពវាយប្រហារដោយយោធារបស់លោកត្រាំទៅលើអ៊ីរ៉ង់ ។ ប៉ុន្តែច្បាប់នោះត្រូវការសំឡេងគាំទ្រយ៉ាងតិច៦០ ទើប អាចអនុម័តចូលជាធរមានបាន។
សកម្មភាពខាងលើកើតឡើង ក្រោយពេល លោកត្រាំបាន បញ្ជាឲ្យវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែ១០នាទីក្រោយមកក៏បានលុបចោលវិញ។ ប្រសិនបើលោកត្រាំវាយប្រហារអ៊ីរ៉ង់នោះនឹងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹងខ្លាំងឡើង អាចឈានដល់សង្គ្រាមទ្រង់ទ្រាយធំ ។
ចំពោះអ៊ីរ៉ង់ នាពេលនេះបានបង្ហាញពីគោលជំហររឹងមាំមិនខ្លាចអាមេរិក វាយប្រហារនោះឡើយ ។ អ៊ីរ៉ង់បានគំរាមទុកមុនដែរថា នឹងឆ្លើយតបវិញដោយមិនប្រណីដៃបន្តិចឡើយ បើអាមេរិក ហ៊ានធ្វើការវាយប្រហារមុន។
ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានព្រមានទុកជាមុនថា យោធាអ៊ីរ៉ង់នឹងចាត់ វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងរាល់ការរំលោភបំពានជាថ្មីរបស់សហរដ្ឋអាមេរិក លើព្រំដែនអ៊ីរ៉ង់ ខណៈលោក ដូណាល់ ត្រាំ ក៏ទើបតែប្រកាសផងដែរថា អាមេរិកនឹងធ្វើការតបតវិញ ដោយគ្មានត្រាប្រណីឡើយ បើអ៊ីរ៉ង់ហ៊ានធ្វើការវាយប្រហារណាមួយ។
ការព្រមានខាងលើរបស់លោក រូហានី ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី បារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងសប្ដាហ៍នេះ។ ស្ថិតក្នុងឱកាសនោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជា សហរដ្ឋអាមេរិករំលោភបំពានដែនអាកាស និងដែនទឹកអ៊ីរ៉ង់សាជាថ្មី នោះកងកម្លាំងយោធាអ៊ីរ៉ង់នឹងចាត់វិធានការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត»។
គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ទើតែផ្ទុះទៅជាជម្លោះប្រដាប់អាវុធទៅហើយ បន្ទាប់ពីអ៉ីរ៉ង់បាញ់ទម្លាក់យន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿង។ ចំណែកឯលោក ដូណាល់ ត្រាំ ក៏បានបញ្ជាឱ្យកងទ័ពអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់វិញដែរ តែលោកលុបចោលបញ្ជា នេះទៅវិញក្រោយពេលតែ ១០វិនាទី។
សហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថា បានបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួន នៅក្នុងដែនអាកាសអន្តរជាតិលើច្រកសមុទ្រ Hormuz តែទីក្រុងតេហេរ៉ង់វិញបានបដិសេធ និងឆ្លើយតបទៅអាមេរិកវិញថា យន្ដហោះនេះត្រូវបានបាញ់ទម្លាក់ នៅពេលវាយហោះរំលោភចូលដែនអាកាសរបស់អ៊ីរ៉ង់ ខណៈបំណែករបស់ដ្រូន ត្រូវបានអ៊ីរ៉ង់ស្រង់ចេញពីក្នុងដែនទឹករបស់ខ្លួនថែមទៀតផង។
ចំពោះប្រធានាធិបតីអាមេរិកដូណាលត្រាំវិញ បានបញ្ចាក់ថា បើចង់វាយអ៊ីរ៉ង់ គឺមិនប្រើពេលយូរទេ និងមិនចាំបាច់ប្រើទ័ពជើងគោក គឺប្រើមីស៊ីលបាញ់កម្ទេចទីតាំង យោធានិងសព្វាវុធរបស់ប្រទេសនេះ ។
ស្ថិតក្នុងបរិបទ នៃការប្រឈមមុខដោយគ្នាដោយអាវុធ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងពេលបច្ចុប្បន្ននេះ លោកដូណាល់ ត្រាំ បាននិយាយថា បើសិនជាអាមេរិក ត្រូវសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះ នឹងមិនចំណាយពេលយូរទេ ហើយអាមេរិក ក៏មិនចាំបាច់ បញ្ជូនកងទ័ពជើងគោកទៅវាយដែរ ព្រោះអាមេរិក មានកម្លាំងខ្លាំងជាងអ៊ីរ៉ង់ឆ្ងាយណាស់។
នៅលើកញ្ចក់ទូរទស្សន៍ Fox Business ថ្ងៃពុធទី២៦មិថុនា លោកដូណាល់ត្រាំ បានអះអាងជាថ្មីថា លោកមិនចង់ឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ទេ។ តែទន្ទឹមនឹងនេះ លោកដូណាល់ ត្រាំ បាននិយាយបែបយ៉ាងជឿជាក់ក្នុងចិត្តថា បើសិនជាត្រូវធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះនឹងមិនចំណាយពេលយូរទេ។ អាមេរិកក៏មិនចាំបាច់បញ្ជូនកងទ័ពជើងគោក ឲ្យចូលទៅដីអ៊ីរ៉ង់ដោយផ្ទាល់ផងទេ ព្រោះថាសមត្ថភាព កម្លាំងរបស់អាមេរិកខ្លាំងសម្បើមណាស់បច្ចុប្បន្ន។
សម្តីប៉ុន្មានម៉ាត់របស់លោកដូណាល់ ត្រាំ ជាពាក្យគម្រាមថ្មីបន្ថែមទៀត ដល់អ៊ីរ៉ង់ ព្រមជាមួយនឹងការមាក់ងាយ ថាអ៊ីរ៉ង់ គ្មាសមត្ថភាពតទល់ជាមួយនឹងកម្លាំងទ័ពផ្លូវអាកាសរបស់អាមេរិក។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអាមេរិក ឆ្លៀតបញ្ជាក់ថា លោកគ្មានបំណងបញ្ជូនកងទ័ពជើងគោក ទៅដោយផ្ទាល់ ដូចក្នុងករណីនៅអាហ្វាហ្កានីស្ថាន ឬនៅអ៊ីរ៉ាក់ទេ។
គួរកត់សំគាល់ដែរថា ការគំរាមជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីលោកដូណាល់ត្រាំ បានសម្រេចបន្ថែមទណ្ឌកម្មទៅលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ដោយបានវាយសំដៅទៅលើ ផលប្រយោជន៍ហិរញ្ញវត្ថុ របស់លោកអាយ៉ាតូឡា អាលីខាមឺណី មគ្គុទេសន៍សាសនារបស់អ៊ីរ៉ង់។
ដោយឡែក ភាគីអ៊ីរ៉ង់វិញ ត្រូវបានគេសង្កេតឃើញថា ហាក់ដូចជាមានគោលជំហរ បន្ថយកំហឹងមកវិញខ្លះ នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទនិយាយជាមួយលោក ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារទី២៥មិថុនា។ បើតាមការឲ្យដឹង ពីមន្ត្រីវិមានប្រធានាធិបតីបារាំង គឺលោក ហាសាន់ រ៉ូហានី បាននិយាយក្នុងន័យថាអ្វីៗនៅមិនទាន់ហួសពេលទេ បើសិនជាប្រទេសអឺរ៉ុប និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចង់ជួយអ៊ីរ៉ង់។
ដូចគ្នាដែរ យោងតាមទីភ្នាក់ងារព័ត៌មាន Iran លោកហាសាន់ រ៉ូហានី បានលើកឡើងថា អ៊ីរ៉ង់គ្មានចេតនាធ្វើសង្គ្រាមជាមួយប្រទេសណាទាំងអស់ កុំថាឡើយជាដល់ទៅជាមួយសហរដ្ឋអាមេរិក។ តែយ៉ាងណា លោកប្រធានាធិបតីអ៊ីរ៉ង់ បានទំលាក់កំហុសទៅលើអាមេរិក ថាបានទាញដៃបិទទ្វារក ការចរចាផ្លូវទូត ជាលក្ខណៈស្ថាពរទៅហើយ ជាមួយនឹងទណ្ឌកម្មថ្មីដែលអាមេរិកបានដាក់មកលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី២៤មិថុនា៕
ដោយ៖ មែវ សាធី