ខេត្តបន្ទាយមានជ័យ ៖ មន្រ្តីសុខាភិបាលប្រាប់ថា នៅរដូវវស្សាឆ្នាំនេះជម្ងឺគ្រុនឈាមបាននិងកំពុងកើតឡើងនៅខេត្តបន្ទាយមានជ័យមានការកើនឡើងជាង១ពាន់ករណីស្មើនិងអ្នកជម្ងឺជាង១ពាន់នាក់ ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានករណីស្លាប់ដោយជម្ងឺគ្រុនឈាមនៅឡើយនោះទេសម្រាប់ខេត្តបន្ទាយមាន ជ័យ។
បញ្ហាជម្ងឺគ្រុនឈាមកើតឡើងគួរឱ្យព្រួយបារម្ភនោះហើយគេសង្កេតឃើញមន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យរួមនិងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការគ្នាចុះមានវិធានការបង្ការទប់ស្កាត់ជម្ងឺគ្រុន ឈាម ដោយកម្លាំងនាំគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានតាមទីធ្លាសាលារៀន ការចុះផ្សព្វផ្សាយអប់រំឱ្យយល់ដឹងពីជម្ងឺគ្រុនឈាមជូនប្រជាពលរដ្ឋ,ការបាញ់ថ្នាំនិងចែកថ្នាំអាល់បែតកំចាត់មូសខ្លា ភ្ញាក់ងារចម្លងមេរោគគ្រុនឈាម ។
ទន្ទឹមដែលរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមបង្ហាញឱ្យដឹងថានៅទូទាំងប្រទេសកម្ពុជាគិតត្រឹមសប្តា៍ទី៣ ខែមិថុនា ជម្ងឺគ្រុនឈាមបានកើតឡើង១៣ពាន់ករណីក្នុងនោះអ្នកជម្ងឺ២៤នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិត។មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជម្ងឺគ្រុនឈាមនៃក្រសួងសុខាភិបាលក៏បានប្រកាសឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺគ្រុនឈាមជាពិសេសទៅលើកុមារគ្រាដែលជម្ងឺគ្រុនឈាមបានផ្ទុះខ្លាំងនៅឆ្នាំ២០១៩នេះ ។
លោកវេជ្ជបណ្ឌិត កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថា ខេត្តបន្ទាយមានជ័យជម្ងឺគ្រុនឈាមបានផ្ទុះខ្លាំងចាប់ពីខែឧសភា រហូតដល់ចុងខែមិថុនា មានអ្នកជម្ងឺជាង១ពាន់នាក់ នោះហើយបានកើតជម្ងឺគ្រុនឈាម។ករណីជម្ងឺគ្រុនឈាមមិនទាន់មានការថយចុះនៅឡើយនោះទេ ជម្ងឺនេះនៅតែអាចបន្តកើនឡើងសម្រាប់នៅខេត្តបន្ទាយមានជ័យ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់ទៀតថា ក្នុងចំណោមអ្នកជម្ងឺជាង១ពាន់នាក់ ភាគច្រើនកើតឡើងទៅលើកុមារ ចំណែកមនុស្សចាស់មានតែ១ភាគរយប៉ុណ្ណោះ។លោកថានៅឆ្នាំ២០១៩ជម្ងឺគ្រុនឈាមកើតនៅខេត្តបន្ទាយមាមជ័យមានភាពចម្លែកដោយសារតែតំបន់ដែលពុំធ្លាប់កើតមានជម្ងឺគ្រុនឈាម បែរជាកើតជម្ងឺគ្រុនឈាម ចំណែកតំបន់ដែលធ្លាប់កើតមានគឺនៅឆ្នាំនេះពុំមានកើតជម្ងឺគ្រុន ឈាមនេះទៅវិញ ។
លោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យប្រាប់ទៀតថា ជម្ងឺគ្រុនឈាមអាចសង្រ្គោះព្យាបាលជាសះស្បើយបើសិនអ្នកជម្ងឺមកសម្រាកព្យាបាលទាន់ពេលវេលាមិនចាំបាច់ទៅសម្រាកព្យាបាលមន្ទីរពេទ្យឯកជននោះទេមកសម្រាកនៅមន្ទីរពេទ្យរដ្ឋក៏អាចព្យាបាលសង្រ្គោះបានដែរ។លោកថា ប្រភពនៃការចម្លងមរោគគ្រុនឈាមគឺបង្កដោយមូសខ្លា។មូសខ្លាវារស់នៅក្នុងពាងទឹកស្អាត ទឹកអាង គ្មានគម្រប សំបកកង់ឡានចាស់ៗដែលមានដក់ទឹក និងរស់នៅតាមព្រៃនោះផងដែរ។បច្ចុបបន្នមន្រ្តីសុខាភិបាលក៏បានចែកថ្នាំអាល់បែត ជូនប្រជាពលរដ្ឋយកដាក់ក្នុងពាងទឹក ក្នុងអាងទឹក និងបាញ់ថ្នាំកំចាត់មូស នៅតាមតំបន់ដែលកំពុងផ្ទុះជម្ងឺគ្រុនឈាម មិនតែប៉ុណ្ណោះមន្រ្តីសុខាភិបាល ក៏បានចុះទៅផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នពីជម្ងឺគ្រុនឈាមដោយដេកដាក់មុងត្រឹមត្រូវ និងនៅពេលចូលកេងឱ្យកូនតូចៗពាក់អាវដៃវែង ខោជើវែង ការពារកុំឱ្យមូសខ្លាខាំ ។
ជុំវិញនៃការព្រួយបារម្ភជម្ងឺគ្រុនឈាមនិងចូលរួមចាត់វិធានការបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម គេសង្កេតឃើញកម្លាំងនគរបាលខេត្តបន្ទាយមានជ័យប្រមាណជាង៨០០នាក់ដឹកនាំផ្ទាល់ដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា បានចុះសម្អាតអនាម័យ បរិស្ថាន ដើម្បីសុខភាពសិស្សនិងទប់ស្កាត់ជម្ងឺគ្រុនឈាមចំនួន២៣សាលារៀន ក្នុង ក្រុងសិរីសោភ័ណ ដែលនៅទីធ្លាសាលានីមួយៗនៅរដូវវស្សានេះមានព្រៃស្មៅដុះស៊ុបទ្រុបនិងអាចមានមូសខ្លារស់នៅ វាជាបញ្ហាប្រឈមងាយនិងមូសខ្លាខាំទៅលើសិស្សតូចៗនៅទីនោះ បង្កជាជម្ងឺគ្រុនឈាម។
លោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម ក៏បានអំពាវនាវឱ្យអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចក្មួយៗជាសិស្សរៀននៅក្នុងសាលានោះត្រូវផ្សព្វផ្សាយអប់រំឱ្យមានការប្រុងប្រយ័ត្នពីជម្ងឺគ្រុនឈាម។ជាពិសេសបង្ការទប់ស្កាត់កុំឱ្យមូសខ្លាខាំ បង្កឱ្យកើតជម្ងឺគ្រុនឈាម បើក្នុងករណីកើតជម្ងឺគ្រុនឈាមនោះហើយប្រញ៉ាប់បញ្ជូនកូនៗទៅព្យាបាលនៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា ៕ សំ វិច្ឆិកា