កម្តៅក្តៅខ្លាំងមិនធ្លាប់មានគ្រប់ដណ្តប់តំបន់អឺរ៉ុប​

ចែករំលែក៖

 ប្រទេស​មួយចំនួន​ធំ​នៅ​ទ្វីបអឺរ៉ុប កំពុង​រង​គ្របដណ្តប់ ដោយ​រលក​កំដៅក្តៅខ្លាំង បក់មក​ពី​វាលខ្សាច់​សាហារ៉ា នៅ​ទ្វីបអាហ្រ្វិក។ តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​សៅរ៍​ស្អែក មិន​ថា នៅ​បារាំង អេស្ប៉ាញ អ៊ីតាលី ក្រិក អាល្លឺម៉ង់ ប៉ូឡូញ ឬ​នៅ​ប្រទេស​ស្វ៊ីស សំបូរ​ភ្នំទឹកកក សីតុណ្ហភាពក្តៅខ្លាំង កើន​ឡើង​ដល់​កម្រិត​កំពូល ក្នុង​រង្វង់ជាង ៤០អង្សា។ ជាមួយ​អាកាសធាតុ​ក្តៅ​ខ្លាំង បំបែក​ឯតទគ្គកម្ម យ៉ាងដូច្នេះ អឺរ៉ុប​កំពុង​ប្រឈម​នឹង ភ្លើង​ឆេះព្រៃ បញ្ហា​សុខភាព ហើយ​និង​ខ្យល់ពុល​អូហ្សូន ដែល​កើតចេញ​មកពី​ការរួម​ផ្សំគ្នា​រវាង​សារធាតុ​គីមី ហើយ​និង​អាកាសធាតុ​ក្តៅ​ខ្លាំង។

អឺរ៉ុប​កំពុង​ដង្ហក់ខ្យល់ ដោយសារ​តែ​អាកាសធាតុ​ក្តៅខ្លាំង មិនធ្លាប់​ជួបប្រទះ នៅក្នុង​រយៈពេល ៧០ឆ្នាំ​ចុងក្រោយនេះ។ នៅថ្ងៃ​ព្រហស្បតិ៍ ឧបករណ៍​ស្ទង់កំដៅ លោត​ដល់​៣៨,៩អង្សា នៅ​សាធារណរដ្ឋឆែក ៣៨,៦​អង្សា នៅអាល្លឺម៉ង់ និង​៣៨,២​អង្សា​ នៅប្រទេស​ប៉ូឡូញ។ នៅ​ថ្ងៃ​ពុធ អាកាសធាតុ​ក្តៅខ្លាំង​បាន​បណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ ជាង ៣ពាន់​ហិចតា នៅ​អេស្ប៉ាញ។ គ្រោះមហន្តរាយ​ភ្លើងឆេះព្រៃ នឹង​អាច​រាលដាល​តទៅទៀត នៅពេល​កំដៅ កាន់តែ​ឡើងក្តៅ ខ្លាំង បំផុត នៅថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ស្អែកនេះ។ នៅ​អ៊ីតាលី វិញ អាជ្ញាធរ​អះអាងថា បុរស​អនាថា រស់នៅ​តាមផ្លូវ ម្នាក់ បាន​ស្លាប់ ដោយសារ​ខ្យល់គរ ដែល​បណ្តាល​មក​អាកាសធាតុ​ក្តៅខ្លាំង។

នៅប្រទេស​បារាំង រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ជាច្រើន ដើម្បី​ជៀសវាង គ្រោះថ្នាក់​បាត់បង់​ជីវិត​មនុស្ស​ដោយសារ​កំដៅក្តៅខ្លាំង​ដូចដែល​បារាំង​បាន​ជួប កាលពី​ឆ្នាំ ២០០៣ ដែលកាលណោះ សីតុណ្ហភាព ៤៤,១​អង្សា បាន​សម្លាប់ ជីវិត​មនុស្ស ១៥ ០០០​នាក់។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​អាកាសធាតុ ឡើង​ដល់​កម្រិត​ពិបាកទ្រាំ សាលារៀន​ជាច្រើន នៅ​ជុំវិញ ទីក្រុង​ប៉ារីស និង​នៅតាម​ទីក្រុង​ធំៗ​មួយចំនួន​បាន​បិទទ្វារ ចំណែក​ការប្រលងសញ្ញាប័ត្រ មធ្យមសិក្សា ត្រូវ​បាន​លើកពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍ក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print