លោកបណ្ឌិត គុណ ញឹម គិតបែបណាពីចរិកគ្មានគុណធម៍ពីមន្ត្រីគយ ខណៈគយចល័តបើកឡានដេញចាប់ម៉ូតូរត់ពន្ធ បង្កអោយមនុស្សគ្រោះថ្នាក់មិនយកទៅពេទ្យ យកតែម៉ូតូពិន័យច្បាប់គយ ទុកជនរងគ្រោះស្ទើស្លាប់ក្នុងព្រៃចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គយចល័ត ដែលដឹកនាំដោយលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវបង្ក្រាប​បទល្មើសតំបន់៥ ពិតជាឃោឃៅ និងអសីលធម៍បំផុតមកលើពលរដ្ឋ ខណៈបើកឡានដេញចាប់ម៉ូតូអត់ពន្ធ បង្កគ្រោះថ្នាក់ដល់មនុស្សបណ្តាលអោយបាក់ជើងទុកចោលក្នុងព្រៃ មិនយកអ្នករបួស ទៅពេទ្យ ដើម្បីព្យា​បាល បែរជាយកតែម៉ូតូទៅពិន័យច្បាប់គយ។ ចុះបើគ្មានប្រជាពលរដ្ឋបានឃើញហេតុការនេះ និងមិនបាន​យកជនរងគ្រោះទៅពេទ្យទេ អាចប្រឈមនិងបាត់បង់ជីវិតដោយសារភាពរើសអើង ការប្រមាថពីក្រុមគយចល័តតំបន់៥នេះមិនខាន។

មន្ត្រីរាជការ សមត្ថកិច្ច តាមមន្ទីរជុំវិញខេត្តបន្ទាយមានបានលើកឡើងថា៖ បើនិយាយពីមន្ត្រីអនុវត្តច្បាប់ ទង្វើនេះគឺគ្មានសីលធម៍ គុណធម៍ ជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ មកលើប្រជាពលរដ្ឋ។ ទោះជាជនរងគ្រោះរកសុីនាំម៉ូតូរត់ពន្ធក្នុងបទល្មើសតិចតួចក៏ដោយ អស់លោកមន្ត្រីគយគួរសិក្សាពីសង្គម ច្បាប់ អោយបានសុីជម្រៅផង ហេតុអីក៏មានចេតនាបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ..? ពួកគាត់បន្តថា៖ វិធានការទប់ស្កាត់ដោយសន្តិវិធីអាចធ្វើបានតើ ចាំបាច់អីដល់ប្រើច្បាប់ព្រៃ គ្មានគុណធម៍ បំផ្លាញកិត្តិយសភាពស្អាតស្អំចំពោះមន្ត្រីអនុវត្តច្បាប់ដទៃទៀត ទៅវិញ..?

ដោយឡែកមជ្ឈដ្ឋានទូទៅអាចគាំទ្រចំពោះចំណាត់ការ របស់អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិធានការ ទប់ស្កាត់ បង្ក្រាបទំនិញរត់ពន្ធ ដើម្បីចំណូលពន្ធដោយស្របច្បាប់កើនឡើង ប៉ុន្តែគយចល័តតំបន់៥ ដែលមានលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសតំបន់៥ ធ្វើការបែបនេះជាកំហុសធ្ងន់ធ្ងរបំផុត ដែលថ្នាក់លើត្រូវពិចារណា ព្រោះនេះជាលើកទី៣ហើយ ដែលខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់ដឹង ធ្លាប់ហៅមកព្រមាន ទីបំផុតបន្សល់ទុកនូវភាពអមនុស្សធម៍នេះដដែល។

ការដឹកនាំរបស់ លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសតំបន់៥ បង្ហាញពីភាពខ្វះគុណធម៍ ភាពគ្មានចរិកយល់ដឹងអំពីសីលធម៍ ។ និយាយរួមការអនុវត្តច្បាប់របស់មន្ត្រីគយជារឿងមួយត្រឹមត្រូវក៏ប៉ុន្តែវិធានការនៃការអនុវត្ត ត្រូវរកមធ្យោបាយណាដែលកុំបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះ..!!!.. ដូចជាបញ្ហាប្រើវិធានការ យកឡាន មកដាក់ពាំង យកឡានមកដេញបទល្មើស យើងដឹងហើយសុទ្ធតែហានិភ័យគ្រោះថ្នាក់ មហន្តរាយដល់អាយុជីវិតមនុស្ស ហេតុអីក៏អស់លោកប្រព្រឹត្ត..? អ្វីដែលលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវចាប់អារម្មណ៍នូវចំណុចត្រង់ថា៖ គយយកឡានដេញចាប់អ្នកបើកម៉ូតូរត់ពន្ធ គាត់ភ័យព្យាយាមបើកគេច ឬបណ្តាលអោយគ្រោះថ្នាក់ដោយអំពើមន្ត្រីគយប្រព្រឹត្ត បណ្តាលអោយរងរបួសបាក់ជើង ក្នុងនាមជាអ្នកអនុវត្តច្បាប់ម្តេចក៏មិនយកគាត់ទៅពេទ្យព្យាបាល។

ទោះជាជនសង្ស័យប្រព្រឹត្តនូវ បទឧក្រិដ្ឋក៏មន្ត្រីនគរបាលយុត្តិធម៍ ជាបឋមគិតពីបញ្ហារបួសស្នាមគ្រោះថ្នាក់ដោយយថាហេតុ យកជនសង្ស័យទៅព្យាបាលសិន មិនត្រូវយកគាត់ទាំងមានរបួសស្នាម ឈាមហូរ សន្លប់ មក​សួរនាំធ្វើកំណត់ហេតុស្តាប់ចម្លើយឡើយ។

តែករណីគយរបស់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសតំបន់៥ អនុវត្តខុសនីតិវិធីហើយ ថែមទាំងទុកមនុស្សរងគ្រោះបាក់ជើងចោលកណ្តាលព្រៃ និងលើកយកតែម៉ូតូទៅរក្សាទុកកន្លែងស្នាក់ការរបស់ខ្លួន គ្មានគុណធម៍គិតពីជីវិតមនុស្សសោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ខាងគយចល័តលោក ឈួន សោភា ប្រធានការិយា​ល័យស្រាវជ្រាវបង្ក្រាបបទល្មើសតំបន់៥ បានយក រថយន្តពាក់ស្លាកលេខរដ្ឋដេញបុកអ្នកជិះម៉ូតូគេចពន្ធ។ បុរសនោះភ័យពេកបើកគេចពីការប្រម៉ាញ់ពីមន្ត្រីគយក៏បណ្តាលអោយបុកបង្គោលតាមផ្លូវជាតិលេខ​៥៨ ខ្ទេចម៉ូតូ និងបាក់ជើង ។ ជនរងគ្រោះត្រូវគយទុកចោលកណ្តាលព្រៃអៀបដងផ្លូវជាតិទាំងរបួសធ្ងន់ មិន​យកទៅព្យាបាល គឺលើកតែម៉ូតូដាក់ឡានទៅបាត់។

បញ្ហានេះមានពលរដ្ឋជាច្រើនបានឃើញហេតុការដ៏អាក្រក់នេះ និងជួយយកជនរងគ្រោះទៅមន្ទីរពេទ្យ ជាមួយនិងការដាក់បណ្តាសារនូវពាក្យធ្ងន់ៗថាគយ ធ្វើបាបប្រជាពលរដ្ឋ ទុកជនរងគ្រោះចោលចង់អោយស្លាប់ដូចសត្វធាតុ។

ជិតមួយខែនេះក្រុមគយចល័តតំបន់៥ ចេញធ្វើការដ៏ប្រសេកប្រសាច ហើយគ្មានគោលដៅច្បាស់លាស់ ប្រើតែវប្បធម៍ ជម្រិតច្រើនជាងអនុវត្តច្បាប់គយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print