Vietjet Air ប្រកាសការហោះហើរទៅកាន់ទេសប្រទេសជប៉ុន

ចែករំលែក៖

ក្រុងតូក្យូ៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម និងប្រតិភូជាន់ខ្ពស់វៀតណាមជាច្រើននាក់ផ្សេងទៀត បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីពិសេសមួយកាលពីថ្ងៃចន្ទ ដើម្បីប្រកាសពីការដាក់ឲ្យដំណើរការនូវផ្លូវហោះហើរថ្មី២របស់យន្តហោះ Vietjet Air ទៅកាន់ទេសប្រទេសជប៉ុន ពោលគឺពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន Narita) និងពីទីក្រុង Da Nang ទៅកាន់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីរបស់វៀតណាម មានប្រសាសន៍ថា៖ «Vietjet ទើបតែត្រូវបានបង្កើតឡើងក្នុងរយៈពេល៣ ទៅ៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ បានអភិវឌ្ឍឥតឈប់ឈរ ដោយមានកំណត់ត្រាយ៉ាងល្អលើផ្នែកសុវត្ថិភាព និងសេវាប្រកបដោយគុណភាពខ្ពស់។ ជាមួយនឹងការពង្រីកបណ្តាញហោះហើរក្នុងស្រុក និងអន្តរជាតិ រួមជាមួយនឹងយន្តហោះទំនើប និងថ្មីៗនេះ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដ៏រឹងមាំមួយក្នុងតំបន់នេះ»។ លោក Nikai Toshihiro អគ្គលេខាធិការគណបក្សសេរីនិយម និងជាប្រធានសម្ព័ន្ធមិត្តរដ្ឋសភាជប៉ុន-វៀតណាម មានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរដល់ Vietjet ទៅលើការបើកឲ្យដំណើរការនូវផ្លូវហោះហើរថ្មី២នៅថ្ងៃនេះ ដែលក៏ជាការបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំង២ផងដែរ។ យើងអាចនិយាយបានថា វិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២។ លោកសង្ឃឹមថា Vietjet នឹងបន្តចូលរួមជាចំណែកកាន់តែច្រើនបន្ថែមទៀត ហើយសង្ឃឹមថា ភ្នាក់ងារអាកាសចរណ៍របស់ជប៉ុន នឹងគាំទ្រកាន់ខ្លាំងចំពោះការអភិវឌ្ឍរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ»។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរដោយផ្ទាលចំនួន៣ រវាងប្រទេសវៀតណាម និងជប៉ុន ជាមួយនឹងការហោះហើរពីទីក្រុងហូជីមិញ/ហាណូយ ទៅកាន់ទីក្រុង Osaka និងការហោះហើរដែលភ្ជាប់ទីក្រុងហាណូយ ជាមួយនឹងទីក្រុងតូក្យូ (អាកាសយានដ្ឋាន Narita)។ ផ្លូវហោះហើរថ្មីពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន Narita) នេះ នឹងប្រតិបត្តិការហោះហើរទៅ-មកជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ តទៅ។ ផ្លូវហោះហើរពីទីក្រុង Da Nang ទៅកាន់ទីក្រុងតូក្យូ (អាកាសយានដ្ឋាន Haneda) នឹងប្រតិបត្តិសេវាហោះហើរទៅ-មកជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ តទៅ។ លោក Nguyen Thi Thuy Binh អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet មានប្រសាសន៍ថា៖ «ការពង្រីកឥតឈប់ឈរទៅលើបណ្តាញហោះហើររបស់ Vietjet ទៅកាន់ប្រទេសជប៉ុន នឹងជួយឲ្យប្រជាពលរដ្ឋរបស់ប្រទេសទាំង២ មានជម្រើសកាន់តែច្រើនសម្រាប់ការធ្វើដំណើរជាលក្ខខណ្ឌអាជីវកម្ម និងទស្សនកិច្ចផ្សេងៗ។ ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងបន្តផ្តល់ឱកាសនៃការហោះហើរកាន់តែច្រើនបន្ថែមទៀតទៅកាន់រដ្ឋពលរដ្ឋក្នុងតំបន់ និងអ្នកដំណើរអន្តរជាតិទាំងអស់ ក៏ដូចជាបទពិសោធនៃការហោះហើរដ៏រំភើបជាច្រើន ដែលភ្ជាប់រវាងប្រទេសទាំង២។ ក្នុងកម្មវិធីសម្ពោធនេះផងដែរ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានទទួលវិញ្ញាបនបត្រដើម្បីក្លាយជាសមាជិកជាផ្លូវការរបស់សហព័ន្ធអាជីវកម្មជប៉ុនហៅកាត់ថា Keidanren ផងដែរ។ Vietjet គឺជាសហគ្រាសបរទេស និងជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបដំបូងគេក្នុងពិភពលោក ដែលចូលរួមក្នុងសហព័ន្ធសេដ្ឋកិច្ចធំជាងគេបំផុតក្នុងប្រទេសជប៉ុន ដែលមានសមាជិកប្រមាណជា១៥០០ ក្នុងនោះរាប់បញ្ចូលទាំងក្រុមហ៊ុនឈានមុខគេជាច្រើន នៅប្រទេសជប៉ុន សមាគមឧស្សាហកម្មជាតិ អង្គភាពសេដ្ឋកិច្ចក្នុងតំបន់ និងសមាជិកពិសសៗជាច្រើនផ្សេងទៀត៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print