ការប្តឹងរបស់ក្រុមហ៊ុន HUAWEI ទៅលើរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការសហរដ្ឋ ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ហើយប្រសិនបើតុលាការអាមេរិកកាត់ទោសទៅតាមច្បាប់នោះរដ្ឋាភិបាលលោកត្រាំនិងចាញ់ក្តីជាមិនខាន។ ទាំងនោះហើយបានជា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានស្នើដល់ដល់តុលាការ សហរដ្ឋអាមេរិកច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន Huawei។
រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៤ខែកក្កដា បានស្នើដល់តុលាការសហរដ្ឋនៅតិចសាស ច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិន ដែលបានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោនបំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ។
កាលពីដើមខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការសហរដ្ឋ នៅតិចសាសន៍ ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកត្រាំ បំពានរដ្ឋធម្មនុញ្ញ ក្រោយដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅដោយគ្មានហេតុផល។ រដ្ឋាភិបាលអាមេរិកបានហាម រកស៊ីជាមួយក្រុមហ៊ុនអាមេរិក បើមិនមានការអនុញ្ញាត ពីរដ្ឋាភិបាលនោះទេ។
ការប្តឹងខាងលើរបស់ក្រុមហ៊ុន Huawei ធ្វើទៅតាមច្បាប់ ការពារជាតិ NDAA ។ នៅក្នុងមាត្រាទី៨៨៩ នៃច្បាប់ បានហាមប្រាម អង្គការរដ្ឋាភិបាល អាមេរិក ទិញសម្ភារៈទូរគមនាគមន៍ពីHuawei និង ZTE ។ តំណាងក្រុមហ៊ុន Huawei បានលើកឡើងថា តាមច្បាប់ NDAA ការប្រកាសដាក់ទណ្ឌកម្ម ទៅលើបុគ្គលឬក្រុមហ៊ុន គឺចាំបាច់ត្រូវតែឆ្លងកាត់ការកាត់ទោស ហើយបើមិនបានកាត់ទោសនោះជាការបំពានច្បាប់ ។
ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុន Huawei បានក្លាយទៅជាក្រុមហ៊ុន ដើរតួសំខាន់នៅក្នុង សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន។ នៅក្នុងកិច្ចប្រជុំ G-20 នៅប្រទេសជប៉ុន នាថ្ងៃទី២៨និង២៩ខែមិថុនា លោកត្រាំបានអនុញ្ញាតឲ្យ ក្រុមហ៊ុនអាមេរិករកស៊ីជាមួយ Huawei ។ នៅពេលនេះដែរ ចិននិងអាមេរិក នឹងពិភាក្សាស្តីពីពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ។
នៅក្នុងវិស័យបច្ចេកវិទ្យា បណ្តាក្រុមហ៊ុន ទាំងអាមេរិកនិងចិនបានប្រាស្រ័យទាំងទង់គ្នានឹងសហកាគ្នារកស៊ីតាំងពីដើម ។ដូច្នេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុន ចិនHuawei មិនអាំចខ្វះបានឡើយ ហើយពេលនេះ ក្រុមហ៊ុនអាមេរិក ព្យាយាមបន្តសហការណ៍និងអាចបន្តទំនាក់ទំនងអាជីវកម្មបានខ្លះជាមួយ Huawei ហើយស្របពេលជាមួយគ្នា គឺនៅតែត្រូវរក្សាការគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក
ក្រុមហ៊ុន Huawei ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ កាលពីខែមុន ដែលបានហាមក្រុមហ៊ុនទាំងឡាយដែលកំពុងផ្គត់ផ្គង់ Huawei នូវគ្រឿងបន្លាស់ផលិតឡើងដោយវត្ថុធាតុដើមយកពីអាមេរិក បន្តការរកស៊ីជាមួយ Huawei ដោយពុំមានអាជ្ញាប័ណ្ណនោះ ការដឹកជញ្ជូនគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យ Huawei ត្រូវបានផ្អាកមួយរយៈ ខណៈដែលក្រុមហ៊ុនអាមេរិកបានយកពេល ទៅវាយតម្លៃលើបម្រាមនេះ។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍របស់ The Wall Street Journal ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយឈ្មោះថា Micron Technology Inc. បានប្រកាសថា ខ្លួនបានបន្តការផ្គត់ផ្គង់មួយចំនួនឡើងវិញជាមួយ Huawei បន្ទាប់ពីការសម្រេចថា ការផ្គត់ផ្គង់ ទាំងប៉ុន្មាននោះមិនល្មើសនឹងច្បាប់អាមេរិក។ រីឯក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm វិញ ក៏បានបន្តការផ្គត់ផ្គង់គ្រឿងបន្លាស់ខ្លះៗទៅកាន់ Huawei ផងដែរ ក្រោយរកឃើញថា គ្រឿងបន្លាស់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្ម នៅក្រោមច្បាប់របស់ ក្រសួងពាណិជ្ជកម្មអាមេរិក។ ចំណែកក្រុមហ៊ុនបន្ទះឈីប Intel ក៏ដូចគ្នា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត សុទ្ធតែកំពុងរិះរកមធ្យោបាយ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង កំពុងព្យាយាមដើរលើខ្សែដ៏តូចឆ្មាមួយ គឺរវាងការបំពេញតាមកិច្ចសន្យារបស់ពួកគេ ហើយបន្តការរកស៊ីជាមួយ Huawei ដើម្បីកុំឲ្យទទួលរងការខាតបង់ ប៉ុន្តែទន្ទឹមគ្នានេះគឺមិនឲ្យល្មើសនឹងការដាក់កំហិតរបស់រដ្ឋាភិបាលអាមេរិក ស្តីពីការនាំចេញបច្ចេកវិទ្យាឲ្យទៅ Huawei ឡើយ៕