អាជីវករក្រុងតាខ្មៅ រងគ្រោះ ដោយជនមិនស្គាល់អត្ដសញ្ញាណ ចូលគាស់ទ្វារហាងលក់ម៉ូតូស៊ុយហ្ស៊ូគី លួច និងប្រមូលយកប្រាក់អស់ជាង៣ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកណ្ដាល ៖  ហាងលក់ម៉ូតូស៊ុយហ្ស៊ូគីមួយកន្លែង ត្រូវជនមិនស្គាល់អត្ដសញ្ញាណចូលគាស់ រួចលួចលុយអស់ចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួនជាង៣លានរៀល នៅវេលាម៉ោង២៤និង៣៤នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ហាងលក់ម៉ូតូឈ្មោះ ភួង ប៉ាន់ ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ទួលទំពួង២  ខណ្ឌចំការមន ក្រុងភ្នំពេញ ។ ចំណែកជនសង្ស័យពុំស្គាល់អត្ដសញ្ញាណ ។ ដោយឡែកវត្ថុតាងបាត់បង់មាន៖លុយដុល្លារចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន៣លាន និង៦សែនរៀល។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ បន្ទាប់ពីលក់ម៉ូតូរួច ជនរងគ្រោះបានត្រឡប់ទៅផ្ទះរបស់ខ្លួននៅឯរាជធានីភ្នំពេញ ដោយឲ្យសន្ដិសុខម្នាក់ ជាអ្នកដេកយាមប្រចាំការនៅខាងមុខហាងលក់ម៉ូតូ ។ លុះមកដល់វេលាម៉ោង២៤រំលងអធ្រាត ចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ មានជនមិនស្គាល់អត្ដសញ្ញាណម្នាក់ បានចូលលួចគាស់ហាងលក់ម៉ូតូរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពលួចយកលុយដូចបានរៀបរាប់ខាងលើ រួចគេចខ្លួនបាត់ស្រមោល ។

លុះព្រឹកឡើង  ម្ចាស់ហាងម៉ូតូត្រឡប់មកពីផ្ទះនៅឯរាជធានីភ្នំពេញវិញ ខណៈមកដល់កន្លែង ក៏ស្រាប់តែឃើញមានស្នាមគាស់ និងបាត់លុយដែលខ្លួនទុក ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាខ្មៅ ដើម្បីជួយអន្ដរាគមន៍តាមរកមុខសញ្ញា ។

ប្រភពដដែលបន្ដទៀត បន្ទាប់ពីនគរបាលប៉ុស្ដិ៍នគរបាលតាខ្មៅ បានទទួលព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្ដទៅនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចុះធ្វើការពិនិត្យកន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមនិតិវិធី  ៕ ដោយ ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print