ខេត្តកំពង់ស្ពឺ៖ ចោរអាកា២នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូគុបពីម្តាយកូន២នាក់ដែលទើបត្រឡប់មកពីហូបការបងប្អូនទៅបាត់ដោយសុវត្ថិភាព ។
ហេតុការណ៍ប្លន់នេះកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចស្ពានឈើឆ្លងស្ទឺង ក្នុងភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះជាកូនមានឈ្មោះផៃ ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ និងម្តាយឈ្មោះ មូល រុំ អាយុ៥៨មានទីលំនៅភូមិពាមខ្វាវ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ម៉ូតូដែលក្រុមចោរប្លន់យកទៅម៉ាកគុបជ្រុង សេ៥០ ពណ៌ស្លែ អត់ស្លាកលេខ ។
ប្រភបបន្តថាតាមការឆ្លើយបំភ្លឺរបស់សមត្ថកិច្ច មុនពេលកើតហេតុជនរងគ្រោះជាកូនបានឌុបម្តាយពីផ្ទះសំដៅទៅហូបការបងប្អូននៅភូមិតាវ៉ា ឃុំអូរ ស្រកភ្នំស្រួច លុះហូបរួចក៍ត្រឡប់មកផ្ទះវិញពេលធ្វើដំណើរមកដល់ចំណុចស្ពានឈើឆ្លងស្ទឹងខាងលិចភូមិមានជ័យប្រហែល1000ម៉ែត្រស្រាប់តែមានចោរ២នាក់ប្រដាប់ដោយអាវុធអាកាអត់ស្វាយចំនួន២ដើមស្លៀកពាក់សីុវិល(ពាក់អាវធំ)បានដើរចេញពីគម្ពោធព្រៃមកភ្ជង់រូបគេនិងម្តាយឲ្យប្រគល់ម៉ូតូអោយទៅពួកវា ។ នៅពេលពួកវាដណ្តើមយកម៉ូតូបានហើយពួកវាក៏បានយកទូរសព្ទ័មួយគ្រឿងពីគេហើយនាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ ។
សមត្ថកិច្ចកងរាជអាវុធហត្ថបានចេញអន្តរាគមន៍ដែរតែហាក់បីដូចជាយឺតពេលទៅហើយព្រោះទម្រាំដឹងដល់សមត្ថកិច្ចក្រុមចោរបានគេចខ្លួនឆ្ងាយទៅហើយ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ជយើងកំពុងស្វែងរកចាប់ខ្លួនមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ សេនាស័ក្តិ