ភ្នំពេញ៖ បុរសជនជាតិចិនចំនួន ៦នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេត ស្វែងរកចាប់ខ្លួនមេខ្លោងពីរនាក់ទៀតដែលកំពុងរត់គេចខ្លួន ។
បុរសជនជាតិចិនទាំង៦នាក់ និង មេខ្លោងពីរនាក់កំពុងរត់គេច ខ្លួន ត្រូវបានលោកព្រះរាជអាជ្ញារង សៀង សុខ ចោទប្រកាន់ពីបទ “ ចាប់ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោសនិងបទសមគំនិត តាមមាត្រា២៥៤ និង មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ និង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលលេខ៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ចំណុចផ្ទះលេខ១១២EH ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសពី១៥ឆ្នាំទៅ៣០ឆ្នាំ ។
មន្ត្រីតុលាកាបានឲ្យដឹងថា បុរសជនជាតិចិនទាំង៦នាក់ឈ្មោះ ទី1- ដាយ សៀវហ្វី អាយុ៣៥ឆ្នាំ ទី2-ឈ្មោះ ស៊ី អូថុង អាយុ៤៦ឆ្នាំ ឈ្មោះ លី ស៊ីហួរ អាយុ៥៩ឆ្នាំ ឈ្មោះ វ៉ាង ជី អាយុ៣៥ឆ្នាំ និង ទី3-ឈ្មោះ ចាំង សុងឈីង អាយុ៣៥ឆ្នាំ ។ ចំណែកមេខ្លោងដែលគេចខ្លួនមានទី1- ឈ្មោះ លុយ សាមិន និងទី2- ឈ្មោះ ជូ ពីឡុង ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបជនល្មើសបង្ខាំងមនុស្សខុសច្បាប់នេះ ដំបូង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន៨នាក់ ។ ប៉ុន្តែក្រោយមកបានដោះលែងពីរនាក់ឲ្យមានសេរីភាពឡើងវិញ ព្រោះគ្មានជាប់ពាក់ព័ន្ធ ។ ដើមចមនៃសំណុំរឿងនេះ គឺ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌមានជ័យ ទទួលបានពាក្យបណ្តឹង ពីស្ត្រីម្នាក់ឈ្មោះ ច្រឹក មុំ ដែលបានប្តឹងថា ប្តីរបស់ខ្លួន ឈ្មោះ ចាំង យ៉ុង ជាជនជាតិចិន បានបាត់ខ្លួនរយៈពេល ៣ថ្ងៃហើយ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។
ជនរងគ្រោះដែលត្រូវបានគេបង្ខាំងទុកជំរិតទារប្រាក់មាន ទី១៖ ឈ្មោះ ហ្គួ ឡេងហ្វុង អាយុ៥៣ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួន តាំងពីខែសីហា ឆ្នាំ២០១៥ ដោយបង្ខាំងទុកនៅ ផ្ទះលេខ១១២EH ផ្លូវលេខ១៧៣ សង្កាត់ទួលព្រៃទី១ ខណ្ឌចំការមន រយៈពេល៧៥ថ្ងៃ ទើបប្តូរទីតាំងទៅបង្ខាំងទុកនៅផ្ទះលេខ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ត្រូវកម្លាំងអាវុធហត្ថរំដោះបាន។ ទី២ ឈ្មោះ ចាំង យ៉ុង អាយុ៣៥ឆ្នាំ ជនជាតិចិន ត្រូវបានជនល្មើសចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បង្ខាំងទុក នៅផ្ទះលេខ២៤២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រំដោះបាន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ។ ទី៣ ឈ្មោះ វៃ សាន សាវ អាយុ៤៥ឆ្នាំ ទើបតែត្រូវបានជនល្មើសចាប់ខ្លួន ក្នុងថ្ងៃដែលអាវុធហត្ថចូលទៅរំដោះ។ រីឯជនល្មើសទាំង៥នាក់ជាជនជាតិចិន ដែលអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានមាន ឈ្មោះ តៃ ស៊ាវ ហ៊ុយ, ស៊ី អ៊ូថុង, វ៉ាង ជី, ស៊ី ឈឹង និង លី ស៊ីហួរ ។
តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យដឹងថា ពួកគេធ្វើការតាមបញ្ជាផ្ទាល់របស់ឈ្មោះ ឡុង ជាជនជាតិចិន និងមានការចាត់ចែងពីមេធំឈ្មោះ ហូវ ដែលជាជនជាតិចិនដែរ ដែលបច្ចុប្បន្ន មេខ្លោងទាំងនេះកំពុងគេចខ្លួន ។
ជនល្មើសបានប្រាប់បន្ថែមថា ក្រៅពីជនរងគ្រោះដែល សមត្ថកិច្ចអាវុធហត្ថរំដោះបាននេះ មេរបស់គេឈ្មោះឡុង ធ្លាប់បានចាប់មនុស្ស ៣នាក់ផ្សេងទៀតមកបង្ខាំងទុកផងដែរ គឺជនជាតិម៉ាឡេស៊ីម្នាក់ បង្ខាំងទុកបានជិត ២ខែ, ជនជាតិចិនម្នាក់បង្ខាំងទុកបាន ១ខែ និងជនជាតិខ្មែរម្នាក់ បង្ខាំងទុកបាន ៣ថ្ងៃ ហើយយកចេញទៅវិញបន្តបន្ទាប់គ្នា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ តែមិនដឹងយកទៅណាទេ គ្រាប់តែធ្លាប់លឺមេរបស់គេ បានគំរាមជនរងគ្រោះទាំងនោះថា បើមិនមានលុយឲ្យគេទេ គេនឹងយកទៅដាក់នៅកំពង់សោម ដែលមានកន្លែងសម្រាប់ធ្វើទារុណកម្មក្រោមទឹក ។
លើសពីនេះទៀតក្នុងអំឡុងពេលបង្ខាំងទុក ជនរងគ្រោះត្រូវបានគេធ្វើទារុណកម្ម និងបង្អត់អាហារផងដែរ រហូតធ្វើឲ្យជនជាតិម៉ាឡេស៊ីម្នាក់ ទ្រាំមិនបានព្យាយាមសម្លាប់ខ្លួន ដោយខាំដាច់ម្រាមដៃខ្លួនឯងបង្ហូរឈាមពេញបន្ទប់ទៀតផង ៕
ដោយ៖ ចាន់ធឿន