កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាបានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមកជាមួយក្រុមឧទ្ទាមតាលីបង់ស្ថិតនៅទីស្នាក់ការប៉ូលិសមួយកន្លែងក្នុងតំបន់ Sangin ខេត្ត Helmand របស់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។ កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានព្យាយាមនៅក្នុងការគ្រប់គ្រងស្ថានការណ៍នៅទីនោះពីក្រុមខ្មាន់កាំភ្លើងដែលជាក្រុមឧទ្ទាមតាលីបង់ ។
ស្នងការប៉ូលិសក្នុងតំបន់ លោក Mohammad Dawood បានប្រាប់ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីតាមទូរស័ព្ទថា លោកត្រូវបានឡោមព័ទ្ធដោយក្រុមខ្មាន់កាំភ្លើងតាលីបង់ ដោយហេតុដូច្នេះហើយ លោកចាំបាច់ត្រូវការជំនួយជាបន្ទាន់ ។ ទោះបីយ៉ាងណាលោកបានបញ្ជាក់ថា លោក ក៏ដូចកងកម្លាំងរបស់លោកផ្សេងទៀតមិនអាចស៊ូទ្រាំបានយូរអង្វែងនោះឡើយ ដោយសារថា យើងអស់គ្រាប់យុទ្ធភ័ណ្ឌ ។
អភិបាលខេត្ត Helmand របស់អាហ្វហ្គានីស្ថានបានបញ្ជាក់ថា ខេត្តទាំងមូលស្ទើរតែធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់ហើយ ។ មេបញ្ជាការប៉ូលិស Dawood បានបញ្ជាក់ថា ផ្សារនៅក្នុងតំបន់ត្រូវបិទទាំងស្រុង ហើយយើងទទួលរងការឡោមព័ទ្ធរយៈពេលពីរថ្ងៃមកហើយ ។ លោកអះអាងថា មានអ្នកបាត់បង់ជីវិតរដូករណែលជុំវិញខ្លួនប្រាណលោក ។ យើងគ្មានអ្វីបរិភោគនោះទេក្នុងរយៈពេល២ថ្ងៃមកនេះ ។ ប្រសិនបើយើងមិនទទួលបានជំនួយតាមផ្លូវក្រោយ ឬជំនួយណាមួយនោះទេ កងកម្លាំងរបស់យើងនឹងត្រូវចាប់ទាំងរស់ជាក់ជាមិនខានឡើយ ។
លោកបន្តថា យើងនៅសល់តែស្នាក់ការប៉ូលិសមួយប៉ុណ្ណោះដែលស្ថិតក្រោមការគ្រប់គ្រង ហើយបាននិងកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាម ។ ទីស្នាក់ការស្រុក និងការិយាល័យស៊ើបការសម្ងាត់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាម ។
កងកម្លាំងសន្តិសុខប្រមាណ៩០នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធចុងក្រោយនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត