ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាខេត្តនៃកម្ពុជានឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម និងពីតិចទៅបង្គួរ ប៉ុន្តែភាគច្រើនអាចនឹងមានភ្លៀងធ្លាក់ខ្លាំង ។ ចំណែកបាតុភូតធម្មជាតិ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ នៅតែបន្តកើតមានដដែលជាពិសេសគឺកើតនៅតំបន់ វាលទំនាបតែម្តង ។
នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ឲ្យដឹងទៀតថា កម្ពុជាកំពុងទទួលរងឥទ្ធិ ពលពីជ្រលងសម្ពាធទាបជាមួយនឹងរបបខ្យល់មូសុងនីរតីម្រិតមធ្យម ដែលលក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនកម្ពុជាមានដូចខាងក្រោមនេះ៖
-បណ្តាខេត្តនៅតំបន់មាត់សមុទ្ររួមមាន ៖ ខេត្តកោះកុង មិងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម ។
-បណ្ដាលខេត្ត-ក្រុង នៅតំបន់វាលទំនាបកណ្ដាល ភាគខាងជើង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង ។
-បណ្ដាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់នឹងប្រទេស វៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង ។
-ដោយឡែកបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមានដដែល ជាពិសេសនៅតំបន់វាលទំនាប តែម្តង ។
ក្រៅពីនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ៕