ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបានបើករថយន្តមួយគ្រឿងដឹកស្រីស្នេហ៍ឡើងលើស្ពានជ្រោយចង្វា ក៏រ៉េចង្កូតបុកខឿនស្ពានបណ្តាលឲ្យខ្ទាតរាយប៉ាយបាក់អស់ចំនួន៨កង់ បន្តដំណើរទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤នឹង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០១៩តាមបណ្តោយផ្លូវព្រះមុនីវង្សនៅចំណុចលើស្ពានជ្រោយចង្វារស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា៖ មុនពេលកើតហេតុគេបានឃើញបុរស ម្នាក់វ័យប្រហែលជាជិត៣០ឆ្នាំបើកបានបើករថយន្តមួយគ្រឿងម៉ាក សេដេស ពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀបរាប2A-8454ដឹកស្រីស្នេហ៍បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុដោយបើកឡើងស្ពានយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកនឹងខឿនដាក់ការពារសម្រាប់ផ្លូវម៉ូតូធ្វើដំណើរបណ្តាលអោយបុកបាក់វៀចអស់៧ទៅ៨កង់ ហើយរថយន្តបង្កហេតុ គាត់មិនព្រមឈប់នៅដោះស្រាយនោះទេក៏បន្តបើករត់គេចខ្លួនពីចំណុចកើតហេតុទាំងរថយន្តរងការខូចខាតបែកកង់មុខទាំងសងខាង ឡើងដល់ពាក់កណ្តាលស្ពានក៏ទៅមុខលែងរួចហើយភ្លាមៗនោះដែរស្រីស្នេហ៍របស់ម្ចាស់រថយន្តម៉ាកសេដេសក៏បានចុះចេញមកពីរថយន្តរួចហៅម៉ូតូកង់បីជិះចេញទៅបាត់ស្រមោលប៉ុន្តែក្រោយមកក៏មានអ្នកយកព័ត៌មានជាច្រើនស្ថាប័ន ដ៏ទៃទៀមកផ្តឹតយករូបភាពនៅកន្លែងករណីរថយន្តបុកខឿនបង្កគ្រោះថ្នាក់នៅលើស្ពានជាទីសាធារណៈ បែរជាម្ចាស់រថយន្តស្រវឹងស្រាហើយរករឿងនិង ចងកំហឹងគំរាមរកវាយអ្នកសារព័ត៌មានយើងទៀត ដោយចង្អុលរុញដើមទ្រូង រួចទាញម៉ូតូផ្តួលថែមទៀត ។ នៅជុំវិញកន្លែងកើតហេតុគេសង្គេតឃើញមានសមត្ថកិច្ចប៉ុស្តិ៍និងជំនាញចរាចរណ៍នៅទីនោះផងដែរ តែហាក់គ្មានជួយធ្វើអន្តរាគមន៍សោះ ដូចខ្លាចអំណាចជនបង្ក និងបណ្តោយឲ្យជនបង្កគ្រោះថ្នាក់ជេរប្រមាថគេឯងតាមចិត្តបែបនេះ។
ក្រោយកើតហេតុខាងលើនេះរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ធឿនព្រែកជ័យ