ក្នុងពេលដែលទំនាក់ទំនងរវាងអាមេរិកនិងកូរ៉េខាងជើងល្អប្រសើរឡើងវិញ បន្ទាប់ពីកិច្ចប្រជុំលើកទី៣នៅតំបន់ព្រំដែន កូរ៉េទាំងពីរ ។ មេដឹកនាំ អាមេរិក កូរ៉េខាងជើង បានព្រមព្រៀងគ្នាបន្តពិភាក្សាលើកម្មវិធីបរមាណូ ហើយអាមេរិកស្នើឲ្យកូរ៉េខាងជើង បង្កក់រាល់កម្មវិធីពាក់ព័ន្ធនិងអាវុធទាំងអស់។
នៅពេលនេះ កម្លាំងទាហានអាមេរិក លើកទីមួយបានប្រកាសទទួលស្គាល់កាំជ្រួចមីសីល Hwasong-15 របស់កូរ៉េខាងជើង អាចវាយប្រហារទៅគ្រប់គោលដៅនៅអាមេរិក ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ខែកក្កដាបានផ្សាយថា៖ កម្លាំងទាហានអាមេរិក នៅកូរ៉េខាងត្បូងបានសារភាពថា មីស៊ីលរបស់កូរ៉េខាងជើងពិតជាមានសមត្ថភាពវាយប្រហារទៅលើគោលដៅនានានៅក្នុងទឹកដីអាមេរិកបានដោយពិតប្រាកដ។
មីស៊ីល ICMB Hwasong-15 ត្រូវបានកូរ៉េខាងជើង សាកល្បងដោយជោគជ័យនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧ ដែលអាចបាញ់បានចម្ងាយរហូតដល់ទៅ១២.៨៧៤ គីឡូម៉ែត្រ គឺអាចវាយប្រហារគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ។ នៅឆ្នាំ២០១៨ អាមេរិកបានប្រកាសថា មីស៊ីល ICMB Hwasong-15របស់កូរ៉េខាងជើង បាញ់មិនដល់១ម៉ឺនគីឡូម៉ែត្រនោះឡើយ។ ប៉ុន្តែនៅពេលនេះ អាមេរិកបានទទួលស្គាល ពីសមត្ថភាពពិតប្រាកដនៃមីស៊ីលខាងលើ ។
ប៉ុន្តែ តាំងពីពេលសាកល្បងនោះមក កូរ៉េខាងជើង បានយល់ព្រម ជាមួយអាមេរិក ដោយមិនសាកល្បងអាវុធមីស៊ីលទៀតឡើយដើម្បីពិភាក្សាជាមួយអាមេរិក ស្តីពីការរំសាយអាវុធបរមាណូ ។
នៅពេលនេះដែរ កូរ៉េខាងជើង បានឡើងគម្រោងផលិតសាកល្បងអាវុធពិសេស ដើម្បីកម្ទេចអាវុធដ៏សាហាវរបស់កូរ៉េខាងត្បូង (F-35)។កូរ៉េខាងជើង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានអះអាងថា កូរ៉េខាងជើងអាចនឹងផលិតសាកល្បងអាវុធដ៏ពិសេសមួយប្រភេទ ដើម្បីកម្ទេចយន្តហោះចម្បាំង F-35 របស់អាមេរិក បើសិនជាកូរ៉េខាងត្បូងនៅតែដាក់ពង្រាយយន្ដហោះប្រភេទនេះបន្ដទៀត ។
សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា នាយកស្រាវជ្រាវគោលនយោបាយ សុំមិនបញ្ចេញអត្តសញ្ញាណ នៅវិទ្យាស្ថានសិក្សាអាមេរិកាំង នៃក្រសួងការបរទេសកូរ៉េខាងជើង បានហៅ អាជ្ញាធរកូរ៉េខាងត្បូងថា “មានភាពច្របូកច្របល់ និងគួរឱ្យអាណិត” ចំពោះការ «និយាយយ៉ាងខ្លាំងៗអំពីការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ រវាងភាគខាងកូរ៉េជើង និងខាងត្បូង” ខណៈប្រទេសនេះ នៅតែបន្តទិញអាវុធពីអាមេរិកជាដដែល ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងមិនមានជម្រើសផ្សេងទៀតទេ ប៉ុន្តែយើងអភិវឌ្ឍ និងសាកល្បងអាវុធពិសេស ដើម្បីកម្ទេចយន្ដហោះដ៏សាហាវ ដែលបាននិងកំពុងពង្រឹង នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការទិញអាវុធរបស់កូរ៉េខាងត្បូង គឺជា “សកម្មភាពដ៏គ្រោះថ្នាក់បំផុត” ដែលនឹងបង្កឱ្យមានប្រតិកម្មពីខាងយើង (កូរ៉េខាងជើង)»។
ប្រទេសកូរ៉េខាងត្បូងបានទទួលយន្តហោះចម្បាំង F-35A ចំនួនពីរគ្រឿងពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Lockheed Martin កាលពីខែមីនា ឆ្នាំ២០១៩ និង៨គ្រឿងបន្ថែមទៀត ត្រូវបានរំពឹងថា នឹងត្រូវប្រគល់ឱ្យនៅដំណាច់ឆ្នាំនេះ ។ ការបញ្ជាទិញយន្តហោះនេះ មានរហូតដល់៤០គ្រឿង ។ យន្តហោះចម្បាំងនេះ ក្នុងមួយគ្រឿងតម្លៃ៨៥លានដុល្លារ ។ នៅក្នុងឆ្នាំ២០២១ខាងមុខ ក្រុមហ៊ុនផ្គត់ផ្គង់នេះ នឹងផ្តល់ជូនកូរ៉េខាងត្បូងគ្រប់ចំនួន ។ នៅមុនពេលប្រគល់ជូនយន្តហោះចម្បាំងនេះ អាកាសយានិកកូរ៉េខាងត្បូងបានចំណាយពេលរាប់ខែទៅហ្វឹកហាត់អំពីយន្តហោះចម្បាំង F-35A នៅឯមូលដ្ឋានដែនអាកាសមួយ ស្ថិតនៅក្នុងរដ្ឋ Arizona ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានក៏បានណែនាំដល់កូរ៉េខាងត្បូងបោះបង់គោលជំហរនោះចោល ខណៈវានៅមិនទាន់ហួសពេល ។ បញ្ឈប់ ឬបំភ្លេចចោលនូវរូបភាពបំភ័ន្តភ្នែកទាំងឡាយនោះ ដើម្បីជាឱកាសមួយសម្រាប់ទំនាក់ទំនងអន្តរកូរ៉េល្អប្រសើរ បើសិនជាកូរ៉េខាងត្បូងចង់ដើរតាមលំអានរបស់អាមេរិក ។
កាលពីដើមឆ្នាំ២០១៩នេះ ក្តីសង្ឃឹមថា នឹងទទួលបានសន្តិភាពនៅឧបទ្វីបកូរ៉េ បានរសាយបាត់ ក្រោយជំនួបពិភាក្សាដែលទន្ទឹងរង់ចាំរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុងហាណូយ មានបានឈានដល់សម្រេចកិច្ចព្រមព្រៀង ។ កាលពីខែមុន លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិអាមេរិក បាន សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនកាត់បន្ថយវិសាលភាពនៃសមយុទ្ធយោធារបស់ខ្លួនជាមួយកូរ៉េខាងត្បូងទេ ដោយលោកបានកត់សម្គាល់ថា វាជាការពង្រឹងសមត្ថភាពរបស់ខ្លួន ។
នៅពេលនេះដែរ លោកគីមជុងអ៊ុន បានក្លាយជាប្រមុខដឹកនាំជាន់ខ្ពស់ កូរ៉េខាងជើង ក្រោយ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីបើកផ្លូវឲ្យលោក គីម ជុងអ៊ុន ក្លាយជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងស្របច្បាប់។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា លោក គីម ជុងអ៊ុន នឹងក្លាយជាប្រមុខដឹកនាំកូរ៉េខាងជើង យ៉ាងពិតប្រាកដ។ កិច្ចប្រជុំកែប្រែច្បាប់ធម្មនុញ្ញនោះ បានធ្វើឡើង កាលពីចុងខែមេសា ឆ្នាំ២០១៩។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ប្រធានគណៈកម្មាធិការខុទ្ទកាល័យរដ្ឋកូរ៉េខាងជើង (SAC) បានដើរតួនាទីជាមេដឹកនាំកំពូល “តំណាងឱ្យរដ្ឋ” កូរ៉េខាងជើង។ នៅពេលនេះ លោក គីម ជុងអ៊ុន ជាប្រធាន SAC គឺជាមេដឹកនាំកំពូលរបស់កូរ៉េងជើង ស្របទៅតាមផ្លូវច្បាប់។
ព័ត៌មានស្តីពីការការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីលើកមេដឹកនាំ គីម ជុងអ៊ុន ឲ្យក្លាយជាប្រមុខដឹកនាំជាតិ បានកើតមានតាំងពីដើមឆ្នាំ២០១៩ ក្រោយពេលលោក គីម ជុងអ៊ុន មិនមានវត្តមាន នៅក្នុងកិច្ចប្រជុំសភា។
កាលពីជំនាន់ជីតា គីម អ៊ីលស៊ុង និងឪពុក គីម ជុងអ៊ីល គឺមានកៅអីនៅក្នុងសភា ។ ចំណែកគីម ជុងអ៊ុន មិនមានឡើយ ហើយការដឹកនាំរបស់អតីតមេដឹកនាំ គីម ជុងអ៊ីល គឺសភាកូរ៉េខាងជើង ក៏បានតែងតាំងជានាយសេនាធិការជាន់ខ្ពស់កូរ៉េខាងជើងផងដែរ៕
ដោយ៖ មែវ សាធី