ភ្នំពេញ ៖ កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិនឹងទទួលបានសេវាព្យាបាលឥតគិតថ្លៃពី មន្ទីរពេទ្យរដ្ឋធំៗទាំង៤ រួមមាន ៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី និងមន្ទីរពេទ្យព្រះអង្គឌួង ក្នុងកំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
នេះបេីយោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលជម្រាបមកនាយកមន្ទីរពេទ្យរដ្ឋ ដែលបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំធ្វើការប្រមូលផ្ដុំគ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិចំនួន ១០០៤នាក់ ដោយហាត់ហ្វឹកហ្វឺនបង្កើនប្រសិទ្ធភាព និងគុណផល ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លិខិតរបស់ក្រសួងសុខាភិបាលបានបន្តថា កីឡាករជម្រើសជាតិកម្ពុជា ដែលប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ៕