ខេត្តមណ្ឌលគិរី ៖ ម៉ូតូកែច្នៃខុសបច្ចេកទេសសម្រាប់ដឹកជញ្ជូនឈើចំនួន១១គ្រឿង ដែលកន្លងមកកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ដកហូតយកពីប្រជាពលរដ្ឋដឹកជញ្ជូនឈើខុសច្បាប់នោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
ការប្រគល់ម៉ូតូកែច្នៃទៅម្ចាស់ដើមវិញនេះបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៍១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែកក្កដា២០១៩នេះ នៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ក្រោមវត្តមានអភិបាលស្រុកកែវសីមា លោកនួនសារ៉ន។
លោកនួន សារ៉ន បានមានប្រសាសន៍ថា ការផ្តល់ជាមធ្យោបាយម៉ូតូនោះទៅម្ចាស់ដើមវិញនេះ គឺក្រោយពេលដែលកន្លងមកសមត្ថកិច្ចបានឃាត់ម៉ូតូទាំងនេះរក្សាទុកជាបណ្តោះអាសន្ន ដោយសារបងប្អូនកែច្នៃយកទៅដឹកជញ្ជូនឈើខុសច្បាប់។ ក្រោយពីបានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យាដល់ពួកគាត់ឱ្យបញ្ឈប់ការដឹកជញ្ជួនផលអនុផលព្រៃឈើ ដែលជាអំពើខុសច្បាប់ហើយនោះ ទើបសមត្ថកិច្ចសម្រេចប្រគល់ឲ្យពួកគាតវិញ ។
ក្នុងនោះលោកអធិការនគរបាលស្តីទីនៃនគរស្រុកកែវសីមាបានបញ្ជាក់ថា សមត្ថកិច្ចរបស់ លោកបានអប់រំណែនាំនិងឲ្យពួកគាត់ធ្វើកិច្ចសន្យាដូចជា ៖ បញ្ឈប់ការដឹកឈើខុសច្បាប់គ្រប់រូបភាព។ មិនឱ្យធ្វើចរាចរម៉ូតូប្រភេទនេះលើដងផ្លូវជាតិ។ ប្តូរស៊ីម៉ាំងដែលបង្កសំឡេងរំខាន។ ពេលត្រឡប់ទៅផ្ទះវិញត្រូវជួយផ្សព្វផ្សាយដល់អ្នកជិតខាងឱ្យបានយល់ដឹងពីបញ្ហានេះឈប់កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសយកមកប្រើប្រាស់ជាបន្តទៀត ៕