ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍នេះ លើទំព័រហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានសរសេរបង្ហោះដែលមានអត្ថន័យខ្លឹមសារដូច្នេះថា «ថ្ងៃនេះយើងជួបជុំគ្នា គោលដៅយើងគឺប្រមូលសំរាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ពាក់ពន្ធ័នឹងសំរាមសេសសល់នេះ សុំឲ្យអ្នកប្រើប្រាស់សំរាមទាំងអស់ ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីសំរាម ។ ទោះបីជាមានយុទ្ធនាការប្រមូលសំរាមចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថាការគ្រប់គ្រងសំរាមមិនទាន់បានល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹងអំពីសំរាមពីពេលនេះតទៅ។
អត្ថន័យខ្លឹមសាររបស់លោកអភិបាលបានសង្កត់ធ្ងន់ថា «បញ្ហាសំរាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយយើងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះឲ្យបានច្បាស់លាស់ ដើម្បីរៀបចំផែនការឲ្យបានគត់មុត ក្នុងការដឹកជញ្ជូនចេញឲ្យបានទាន់ ឲ្យបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំឲ្យមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ» ។
ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តព្រះសីហនុមានការជួបជុំ និងការប្រមូលសំរាម ។ ក្នុងពេលជួបជុំ លោកអភិបាលបានស្នើសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុយើង និងសូមឲ្យបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ ធ្វើខ្លួនឲ្យក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសំរាមនៅទីក្រុងព្រះសីហនុរបស់យើង ដោយខិតខំផ្សព្វផ្សាយឲ្យទូលំទូលាយទៅកាន់អ្នកបង្កើតសំរាមឲ្យពួកគាត់មានការយល់ដឹង ចូលរួម ដើម្បីយើងមានលទ្ធភាពគ្រប់គ្រងសំរាមឲ្យបានល្អ យើងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុងព្រះសីហនុឲ្យបានល្អចាប់ពីថ្ងៃនេះតទៅ ៕ NKD