ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំក្រោមប្រធានបទ«កិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្រោមអធិបតីលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញា . រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ. មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស .ប្រធានតុលាការ ព្រះរាជអាជ្ញា២៥រាជធានី ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការនគរបាលទាំង២៥រាជធានី ខេត្ត រួមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។
ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់នូវការពិភាក្សាលើការពង្រឹងសន្តិសុខ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បញ្ហាលួច ឆក់ និងប្លន់ប្រដាប់អាវុធរួចមក លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមេសនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង តំណាងឲ្យអគ្គស្នងការនគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបង្ហាញពីកិច្ចប្រជុំនៃប្រធានបទកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ក្នុងការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ។ ក្នុងនោះផងដែរ តុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ក៏មានវិធានការម៉ឺងម៉ាត់ចំពោះបទល្មើសដែលប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធ ជាមួយគ្នានេះ ក៏មានការពិភាក្សាអំពីការមិនបញ្ចូលទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធនៅក្នុងបញ្ជីស្នើឲ្យលើកលែងទោសផងដែរ ៕