ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៥កន្លងទសមាគមជនជាតិកូរ៉េប្រចាំនៅកម្ពុជាបានប្រារពន្ឋនូវកម្មវិធី«KOREA DAY FOR CAMBODIN FRIENDS»ដោយមានការចូលរួមពីសំណាក់លោកឯកអគ្គរាជទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជាលោកលោកស្រីនិងពលករពលការិនីប្រមាណជាង១ពាន់នាក់ផងដែរ។នេះជាឱកាសឲ្យពលរដ្ឋទាំង២បានស្វែងយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅនិងមិត្តភាពកាន់តែស្និតស្នាល។
លោកឯកអគ្គរដ្ឋទូតកូរ៉េបានថ្លែងថានេះជាព្រឹត្តិការណ៍សម្រាប់បងប្អូនកម្ពុជាដែលកំពុងបម្រើការងារនឿយហត់ក្នុងក្រុមហ៊ុនសហគ្រាសកូរ៉េនៅកម្ពុជា ។ លោកបានមកបំពេញបេសកកម្មជាឯអគ្គរដ្ឋទូតសាធាររដ្ឋកូរ៉េប្រចាំកម្ពុជាអស់រយៈពេល១ឆ្នាំហើយនិងបានដាក់ចេញនូវគោលដៅចម្បងមួយគឺត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋកម្ពុជាស្គាល់អំពីកូរ៉េឲ្យបានច្បាស់នៅក្នុងអណត្តិគ្រប់គ្រងរបស់លោក ។
លោកបន្តថាលោកបានរៀបចំផែនការនិងជម្រុញឲ្យមានព្រឹត្តិការណ៍វប្បធម៌ជាច្រើននៅក្នុងឆ្នាំ២០១៥នេះ ។ យើងបានខិតខំប្រឹងប្រែងមិនស្តាយកម្លាំងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាបានស្គាល់អ្វីកាន់តែច្រើនអំពីកូរ៉េយើងបានរៀបចំកម្មវិធីប្រកួតK-POP ការប្រកួតQuiz on Korea ការប្រគំតន្ត្រីClassic Concert ការប្រកួតតៃខ្វាន់ដូហើយថ្មីៗនេះយើងបានរៀបចំមហោស្រពភាពយន្តកូរ៉េ។កម្មវិធីថ្ងៃនេះជាកម្មវិធីសំខាន់មួយហើយក៍អាចហៅថា«ទម្រង់កិច្ចការទូតសាធារណៈ»ដែលយើងចង់ឲ្យសម្រេចជាងគេ។វិស័យកាត់ដេរជាវិស័យចម្បងមួយដែលភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២ឲ្យបានស្អិតរមួត ។ ម្យ៉ាងទៀតវាក៍បានក្លាយជាមធ្យោបាយឈ្នះៗសម្រាប់ភាគីកម្ពុជាក៍ដូចជាភាគីសហគ្រាសកូរ៉េដែលចូលមកវិនិយោគនៅកម្ពុជា។យើងបានរៀបចំតាមលំដាប់លំដោយសូមបងប្អូនកុំភ្លេចទៅសាកល្បងស្លៀកសំលៀកបំពាក់ប្រពៃណីកូរ៉េហាន់បុកនិងភ្លក្សម្ហូបកូរ៉េដែលបានរៀបចំទុក ។ រង្វាន់សម្រាប់អ្នកឈ្នះនិងលើកទឹកចិត្តជាច្រើនត្រូវបានដាក់តំរៀបទុកនូវសងខាងវេទិកាសូមបងប្អូនទទួលយកភាពរីករាយនេះកុំបីខាន ។
លោកអ៊ុំមានរដ្ឋលេខាធិកាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថានេះជាលើកទី២ហើយដែលថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចូលរួម។នេះពិតជាមានសារៈសំខាន់ណាស់ដោយសារតែមិនត្រឹមតែជាទីកន្លែងមួយសម្រាប់ឲ្យអ្នកប្រកបអាជីវកម្មពាណិជ្ជកម្មជួបទាក់ទងគ្នាទេតែក៍មានការរៀបចំការប្រកួតកីឡាអត្តពលកម្ម(ទាញព្រត្រ រត់បណ្តាក់ វាយបាល់ឡុងនិងបាល់ទះជាដើម) ។
លោកបន្តថាមានការសម្តែងសិល្បៈកូរ៉េ ភ្លក្សម្ហូបកូរ៉េនិងសំណួរចម្លើយចំនេះដឹងទូទៅអំពីកូរ៉េដើម្បីលើកកម្ពស់សីលធម៌ចំណងសាមគ្គីរវាងនិយោជិកនិយោជកក្រុមហ៊ុនកូរ៉េនិងប្រជាជនកូរ៉េដែលស្នាក់នៅកម្ពុជា ។ ចាប់តាំងពីប្រទេសយើងទាំង២បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរហូតមកដល់បច្ចុប្បន្នយើងពិតជាមានមោទនភាពដែលប្រទេសទាំង២បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតលើគ្រប់វិស័យ ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េដែលបានផ្តល់ជំនួយនានាដើម្បីចូលរួមចំណែកស្តារអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ ជាពិសេសចំពោះធុរកិច្ចជននិងវិនិយោគគិនកូរ៉េដែលបានចូលមកប្រកបរបរអាជីវកម្មពាណិជ្ជកម្មនិងវិនិយោគនៅកម្ពជា ។
យើងសង្កេតឃើញថាកំណើនទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគទុនកូរ៉េបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ។ នេះបញ្ជាក់ថាប្រជាជននិងអ្នកវិនិយោគទុនកូរ៉េពិតជាមានជំនឿជឿជាក់យ៉ាងមុតមាំលើបរិយាកាសនយោបាយនិងវិនិយោគទុននៅកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំគ្រប់បែបយ៉ាងក្នងការធានាឲ្យមានស្ថេរភាពនយោបាយសន្តិសុខនិងការអភិវឌ្ឍគ្រប់វិស័យ ៕
ដោយ៖ វឌ្ឍនា