ភ្នំពេញ៖ ថាហើយរឿងខូច គឺប្រុសៗឈប់ខូចទៅ…បើប្រុសៗបានស្តាប់ខ្លះៗពីសំដី តារាវោហាសាស្ត្រអាយ៉ៃកំប្លែង «ព្រហ្ម ម៉ាញ» អាចរួចខ្លួនបានមួយគ្រាៗ និងមិនសូវភ័យលោះព្រលឹង…។ មើលចុះ ស៊យធំហើយ…ដូចលោកព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីកំណាន់ចិត្តទៅដោះកូយនៅផ្ទះសំណាក់(ស្រែនាង) ភរិយាតាមទាន់ផ្អើលឆុល យ៉ាងដូចនេះចឹង។
លោក ព្រហ្ម ម៉ាញ គាត់បានលើកឡើងហើយថា៖ «ខ្ញុំឈប់មានស្រី ខ្ញុំឈប់ខូច ឈប់អោយប្រពន្ធលំបាកចិត្ត គឺឈប់ខូចអោយប្រពន្ធដឹង»។ ដោយឡែកស្ត្រីម្នាក់អះអាងថាជាភរិយាស្របច្បាប់ តាមទាន់ប្តី មានតួនាទីជាព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះ(សំណាក់ស្រែនាង) ភ័យជម្លៀសស្រីស្នេហ៍អោយគេចខ្លួន ខណៈប្រពន្ធទូរស័ព្ទអោយចេញពីបន្ទប់មកដោះស្រាយគ្នា។
ករណីនេះបង្កការភ្ញាក់ផ្អើលអ្នកភូមិទាំងកណ្តាលរាត្រី នៅវេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ស្ត្រីជាភរិយាបានស្តីបន្ទោសដោយប្រើពាក្យធ្ងន់ៗថា៖ ហ្អែងល្បីហើយ ល្បីពេញខេត្ត ពេញប្រទេស ឯងជាព្រះរាជអាជ្ញារងយកស្រីមកដេកផ្ទះសំណាក់ ល្បីហើយលោកព្រះរាជអាជ្ញារង អង រី ។ បុរសជាប្តីវិញមិនសូវហ៊ានតបទេ យកតែព្រះអាយ៉ូសប្រឹងដើរគេច រត់ចេញពីកន្លែងកើតហេតុ ខណៈបើកឡានបង្កគ្រោះថ្នាក់ប៉ះរថយន្តអ្នកជិតខាង ហើយភរិយាចាប់ជាប់ដកសោរឡានទុក។
ស្ត្រីជាភរិយាបន្តថា៖ គាត់ឈ្មោះ«កញ្ញា» បច្ចុប្បន្នរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកព្រះរាជអាជ្ញារង អង រី មានរយៈពេល៥ឆ្នាំហើយ បានកូនស្រីម្នាក់ជាចំណងដៃក្នុងបន្ទុកគ្រួសារ ប៉ុន្តែស្វាមីរបស់បានដាក់ពាក្យប្តឹងលែងលះទៅតុលាការ ដោយលើកហេតុផលថារស់នៅមិនចុះសម្រុងនិងគ្នា តែធាតុពិតអ្នកស្រីមិនបានបង្កជម្លោះ ឬមិនបានបំពេញបំណងដល់គាត់ក្នុងនាមជាភរិយានោះឡើយ។
ហេតុផលតែមួយគត់ គឺគាត់មានសហាយ មានស្រី ហើយតាមទាន់ច្រើនលើកទើបគាត់ព្យាយាមដាក់ពាក្យលែងលះ។
រឿងនេះផងដែរស្ត្រីជាប្រពន្ឋតាមទាន់ប្តីលួចលាក់មានស្រីក្នុងផ្ទះសំណាក់ រួចរូបនាងបានលើដៃសំពះស្នើរសុំសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រើអភិក្រមទី៥ ចំពោះទង្វើផិតក្បត់របស់ប្តីរូបនាងផង។ ព្រោះកន្លងមកសម្តេចធ្លាប់មានប្រសាសន៍ថា មន្ត្រីណាមានប្រពន្ធពីរបីត្រូវដកចេញពីដំណែង ដូច្នេះហេីយទេីបនាងដង្ហេីយអោយសម្តេចជួយអន្តរាគមន៍ក្នុងករណីលោកព្រះរាជអាជ្ញារងខេត្តកោះកុងរូបនេះ ។
លោក អង រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង អង្គភាព នគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពាក់ព័ន្ធនិងភរិយាចោទប្រកាន់ខាងលើ ខណៈគាត់ព្យាយាមរត់ចេញពីកន្លែងកើត ទាំងគ្មានព្រលឹងក្នុងខ្លួនទៅហើយ។
តាមសំដីព្រះពុទ្ធអ្នកច្បាប់មិនត្រូវធ្វើអ្វីអោយសង្គមមើលឃើញពីទង្វើរបស់ខ្លួនមិនថ្លៃថ្នូទេ បើជាព្រះរាជអាជ្ញា ជាចៅក្រម ទោះទៅទីណាក៏រក្សាសីលធម៍ ជាព្រះរាជអាជ្ញា ជាចៅក្រម ប្រកបដោយគុណធម៍។ ក្នុងនោះព្រះពុទ្ធថា៖ អ្នកច្បាប់ ធ្វើស អោយទៅជាខ្មៅ នោះជាបុរស«ថោកទាប» តែបើអ្នកច្បាប់មានគុណធម៍ យល់ដឹងពីខុស និងត្រូវ មិនលំអៀង មិនភ័យព្រួយរឿងអនុវត្តច្បាប់ដោយយុត្តិធម៍ គឺជា«ឧត្តមបុរស»៕ ដោយ៖ ស រស្មី