ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបចំនួន២គ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងនោះ១គ្រឿងពាក់ស្លាកលេខខមដែលសុទ្ធតែជារថយន្តចង្កូតស្តាំលួចនាំចូលគ្មានបង្កាន់ដៃបង់ពន្ធ បើកចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យត្រូវបានក្រុមមន្ត្រី គយក្រសួងបង្ក្រាបចាប់បានជាបន្តបន្ទាប់ក្នុងអំឡុងខែធ្នូឆ្នាំ២០១៥ ។
រថយន្តទាំង២គ្រឿងកំពុងយកមករក្សាទុកនៅស្នាក់ការគយក្រសួងប្រចាំនៅខេត្តបន្ទាយមានជ័យដើម្បីរងចាំឱ្យម្ចាស់ចូលខ្លួនមកបង់ពន្ធចូលរដ្ឋ ។ ប្រតិបត្តិការនៃការបង្ក្រាបរថយន្តនាំចូលគេចពន្ធខុសច្បាប់ពីសំណាក់មន្ត្រីគយមួយរយៈចុងក្រោយនេះ គ្រាដែលគេមើលឃើញថាវិធានការរិតបន្តឹងប្រមូលពន្ធចូលរដ្ឋទៅលើរថយន្តនាំចូលគេចពន្ធខុសច្បាប់កំពុងតែធ្វើឡើងយ៉ាងក្តៅគគុកក្រោយពីគេមើលឃើញថា មានរថយន្តគេចពន្ធចង្កូតស្តាំនិងចង្កូតឆ្វេងស៊េរីទំនើបៗត្រូវបានគេទិញយកប្រើប្រាស់លក្ខណៈផ្ទាល់ខ្លួនហើយជូនកាលប្រើប្រាស់ស្លាកលេខច្រកក្រោមនៅក្នុងស្ថាប័នរដ្ឋក៏មានផងដែរ ។ ការនាំចូលរថយន្តលួចលាក់គ្មានការបង់ពន្ធនាំចូលនោះត្រូវគេនិយាយថាបានធ្វើឱ្យរដ្ឋខាតបង់ប្រាក់ពន្ធចំណូលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
បើតាមប្រភពព័ត៌មានពីមន្ត្រីគយក្រសួងបាន បង្ហើបប្រាប់ឱ្យដឹងថារថយន្តទាំង២គ្រឿង មានម៉ាកហ្វតពណ៌សំបកឳឡឹក២បាំងពាក់ស្លាកលេខខេមរភូមិន្ទ០១-២-៧៥២០ ស៊េរីឆ្នាំ២០១៤ និងរថយន្តម៉ាកនីសាន់ពណ៌ស គ្មានស្លាកលេខស៊េរីឆ្នាំ២០១៣ ។រថយន្តទាំង២គ្រឿងនោះបើសិនម្ចាស់ចូលខ្លួនបង់ពន្ធនាំចូលគឺ១គ្រឿងមិនក្រោមជាង១ម៉ឺនដូល្លានោះទេ។
បើតាមប្រភពព័ត៌មានពីមន្ត្រីគយដដែលបានប្រាប់ឱ្យដឹងទៀតថា វិធានការស្វែងរកបង្ក្រាបរថយន្តនាំចូលគេចពន្ធខុសច្បាប់ដែលកំពុងត្រូវបានគេទិញយកប្រើប្រាស់សមត្ថកិច្ចគយនិងបន្តរិតន្តឹងចុះបង្ក្រាបជាបន្តបន្ទាប់ទៀតគឺធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់រថយន្តគេចពន្ធខុសច្បាប់ដើម្បីចូលខ្លួនមកបង់ពន្ធចូលរដ្ឋឱ្យបានត្រឹមត្រូវ។
សម្រាប់ការអនុគ្រោះពន្ធពីសំណាក់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ គឺតម្រូវឱ្យអ្នកដែលប្រើប្រាស់រថយន្តគ្មានពន្ធនាំចូល ត្រូវចូលខ្លួនមកបង់ពន្ធចាប់ពីពេលនេះតទៅ ត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ខាងមុខ។នៅពេលចប់ថ្ងៃឱសានវាទ ដោយអ្នកប្រើប្រើរថយន្តមិនចូលខ្លួនបង់ពន្ធតាមការកំណត់នោះទេ ហើយប្រសិនសមត្ថកិច្ចគយចាប់រថយន្តគ្មានបង្កាន់ដៃបង់ពន្ធនាំចូលសមត្ថកិច្ចគយឃាត់បាននិងត្រូវធ្វើការផាកពិន័យម្ចាស់រថយន្តទ្វេរដងតែម្តង។
ប្រភពព័ត៌មានពីមន្ត្រីគយដដែលបានប្រាប់ឱ្យដឹងទៀតថា ជុំវិញបញ្ហារថយន្តចង្កូតស្តាំ វិញគឺយោងតាមអនុក្រិត្យលេខ០១ របស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់ទៅលើរថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។រថយន្តដែលទទួលស្គាល់ដោយក្រសួងហិរញ្ញវត្ថុលុះត្រាតែរថយន្តនោះនៅក្នុងអាំងហ្វង់ទែរបស់រដ្ឋប៉ុណ្ណោះតាមរយៈនៃការនាំចូលប្រើប្រាស់បំរើក្នុងស្ថាប័នរដ្ឋ។
សូមរំលឹកថាពាក់ព័ន្ធនិងរថយន្តចង្កូតស្តាំងនោះដែរកាលពីក្នុងអំឡុងឆ្នាំ២០០៥ សម្តេច ជោសែន ប្រមុខរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបញ្ឆប់ការនាំចូលរថយន្តចង្កូតស្តាំមកចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ។ ក៏ប៉ុន្តែបច្ចុប្បនេះគេសង្កេតឃើញរថយន្តចង្កូតស្តាំស៊េរីទំនើបៗត្រូវបានឈ្មួញខិលខូច លួចនាំចូលយកមកធ្វើអាជីវកម្មលក់ដូរយ៉ាងគគ្រឹកគគ្រេងឡើងវិញនោះហើយ ។ រថយន្តចង្កូតស្តាំខ្លះត្រូវគេមើលឃើញថាបានប្រើប្រាស់ចរាចរណ៍ច្រកក្រោមស្លាកលេខក្នុងស្ថាប័នរដ្ឋ ហើយរថយន្តចង្កូតស្តាំច្រកក្រោមស្លាកលេខស្ថាប័នរដ្ឋមួយចំនួនត្រូវគេមើលឃើញថាកន្លងមកបានយកទៅប្រើប្រាស់ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសខុសច្បាប់ទៀតផង ៕
ដោយ៖ សំ វិច្ឆិកា